សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសកូរ៉េខាងត្បូងបានណែនាំឱ្យប្រជាជនដែលរស់នៅជិតទន្លេនៃតំបន់ភាគកណ្តាលចាកចេញពីផ្ទះសម្បែងរបស់ខ្លូននៅថ្ងៃព្រហស្បតិ៍នេះ ខណៈភ្លៀងមូសុងកម្រិត៣០០មិល្លីម៉ែត្រកំពុងបញ្ចេញឥទ្ធិពល ហើយព្រមានដល់តំបន់ផ្សេងៗទៀត រួមទាំងរដ្ឋធានីសេអ៊ូលផងដែរ។
អាជ្ញាធរគ្រប់គ្រងគ្រាអាសន្ននិយាយថា ភ្លៀងបានបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាង ២៤ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច ហើយរំខានដល់សេវាកម្មរថភ្លើងនៅទីក្រុងសេអ៊ូល។ រដ្ឋាភិបាលកំពុងតាមដានស្ថានភាពជន់ឡើងភ្លាមៗនៃទឹកទន្លេ ដែលហូរមកពីកូរ៉េខាងជើង និងជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រាប់មីនដែលត្រូវបានបង្កប់នៅតាមព្រំដែន ហើយអាចហូរមកតាម។ យោធាកូរ៉េខាងត្បូងថា មិនអាចច្រានចោលលទ្ធភាពដែលថាកូរ៉េខាងជើងបានដាក់មីនបន្ថែមទៀតនោះទេ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក Lee Chang-hyun អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានថា «យើងកំពុងតាមដានកម្រិតទឹកនៅក្នុងទន្លេសំខាន់ៗដែលបែងចែកប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងពេលវេលាជាក់ស្តែង»។
គួរបញ្ជាក់ថា ជាធម្មតានៅកូរ៉េខាងត្បូង ភ្លៀងមូសុងប្រចាំឆ្នាំកើតមាននៅអំឡុងខែកក្កដា។ បើតាម Reuters កូរ៉េខាងជើងតែងព្រងើយកន្តើយនឹងការទាមទាររបស់កូរ៉េខាងត្បូងឱ្យផ្តល់ការជូនដំណឹងនៅពេលបើកទ្វារអាងស្តុកទឹកដ៏ធំមួយ បន្ទាប់ពីករណីទឹកជំនន់ភ្លាមៗធ្លាប់ឆក់យកអាយុជីវិតមនុស្ស ៦នាក់នៅកូរ៉េខាងត្បូង កាលពីឆ្នាំ ២០០៩៕ ដោយធីរីណា
រូបថត: TTXVN