សម្តេចធិបតីទទូចដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន ផ្សាយព័ត៌មាន ដោយមានការទទួលខុសត្រូវ

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ និងកុំផ្សាយព័ត៌មានក្លែងក្លាយ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ខ្ញុំសូមឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយខ្ញុំឱ្យឯកឧត្តម នេត្រ ភក្រ្តា មើលកិច្ចការងារនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់ ពីរនាក់ បួន ដប់នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើង រាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត ពេលខ្លះបងប្អូនធ្វើដោយច្រលំ គាត់កែ តែអ្នកខ្លះអត់ទេ គឺយកអាហ្នឹងជាអាជីពទៅគាបគេ ។

សម្ដេចធិបតីបន្តថា ៖ ឯកឧត្តម នេត្រ ភក្រ្តា ប្រសិនបើមានបញ្ហាប៉ុណ្ណឹង ដកអាជ្ញាបណ្ណ ហើយដាក់ចូលទៅក្នុងបញ្ជីខ្មៅ មិនបាច់ឱ្យធ្វើទៀតទេ បើគាត់យកអាជ្ញាបណ្ណហ្នឹងយកទៅគាបគេ ដកអាជ្ញាបណ្ណចោលតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀតទៅ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត  បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ អនុវត្តសិទ្ធិ គោរពក្រមសីលធម៌ និងត្រូវផ្សាយនូវព័ត៌មានពិត ទោះបីជាព័ត៌មានល្អ ឬមិនល្អក៏ដោយ ដើម្បីងាយស្រួលក្នុងការរាជរដ្ឋាភិបាលរកវិធីដោះស្រាយ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ និងកុំផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាចង់កេងចំណេញនយោបាយ ឬអ្វីមួយ ព្រោះព័ត៌មានក្លែងក្លាយបំពុលសង្គមនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រួយបារម្ភ មានអារម្មណ៍នឹងនរ និងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។ មិនថាតែកម្ពុជាទេ ដែលព្រួយបារម្ភពីព័ត៌មានក្លែងក្លាយ សូម្បីបណ្តាប្រទេសក្នុងទ្វីប អឺរ៉ុប អាមេរិក កាណាដា អេស្ប៉ាញ ក៏បារម្ភពីបញ្ហានេះផងដែរ ។
សម្ដេចធិបតីបានថ្លែងថា «ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់ សូមប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ ព្រោះបើមិនដូច្នេះទេនឹងបណ្ដាលឲ្យពុលជាមួយព័ត៌មានក្លែងក្លាយ ដែលចេញមកក្រឡុកពេញហ្នឹង»។
សម្ដេចធិបតីបានថ្លែងបន្ដថា ជាក់ស្ដែងដូចថ្ងៃម្សិលមិញនេះ នាយករដ្ឋមន្រ្ដីអេស្ប៉ាញ ដែលជាប្រទេសអឺរ៉ុប ប្រទេសប្រជាធិបតេយ្យ បានចេញមកនិយាយថា បើគ្មានប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងមានភាពចម្រុះទេ ប្រជាពលរដ្ឋនឹងក្លាយជាមនុស្សខ្វាក់ភ្នែក ព្រោះមិនបានដឹងថា មិនបានលឺ អ្វីដែលជាការពិត នាំឲ្យមានផលលំបាក។
សម្ដេចធិបតីបានបញ្ជាក់ថា «ជាក់ស្ដែងសប្ដាហ៍មុននេះ ខ្ញុំបានទប់ព័ត៌មានក្លែងក្លាយចំនួន ២-៣រឿងបាន កុំអីនឹងធ្វើឲ្យវីវកវឹកវរពេញនឹង។ កាលពីថ្ងៃទី១១ ខ្ញុំបានឃើញការខំមិន ក្នុងបណ្ដាសង្គមថា សូមឲ្យជួយមើលហេតុអ្វីបានជាគេហាម អ្នកលោតទីមោងនៅស្រុកស្អាង? ភ្លាមៗខ្ញុំបានសួរនាំទៅកាន់អភិបាលខេត្តកណ្ដាលតែម្ដង។ ឯកឧត្តម គួច ចំរើន បានឆ្លើយតបភ្លាមៗថា មិនមានការបិទមិនឲ្យលោតទីមោងនោះឡើយ ប៉ុន្ដែគ្រាន់រៀបចំសណ្ដាប់ធ្នាប់ កុំឲ្យមានការដើរ លោតពេញផ្លូវ ខ្លាចគ្រោះថ្នាក់តែប៉ុណ្ណោះ។ ប៉ុន្ដែព័ត៌មានក្លែងក្លាយអំពីទីមោងនេះចេញមកចង់វិលក្បុង ប្រសិនបើឯកឧត្តម គួច ចំរើន ចេញប្រកាសបកស្រាយពុំទាន់ទេ កុំអីផ្អើលព័ត៌មាននេះពេញបណ្ដាញ Facebook នឹងមានការតតាំងគ្នាទៅ លើរឿងនេះជាពុំខាន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print