អ្នកនយោបាយតុកាហ្វេ៖ «ពេលដឹងការពិត មានអារម្មណ៍ថា ទោសដែលដាក់លើអាឡិចនិងគូកននៅស្រាលណាស់»

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈវីដេអូបែកធ្លាយជាបន្តបន្ទាប់ យើងបានដឹងអំពីផែនការក្បត់ដ៏ធំមួយដែលមានជនបរទេសឈ្មោះ Alexjandro Gonzales Davidson។ នៅខាងក្រៅ អាឡិចនិងគូកនសម្តែងធ្វើជាយុវជនការពារបរិស្ថាន ប៉ុន្តែផែនការដែលគេពិភាក្សាគ្នាគ្មានអ្វីជាប់ពាក់ព័ន្ធនឹងបរិស្ថានសូម្បីតែបន្តិច តែវាគឺជាផែនការដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងគោលបំណងផ្តួលរំលំសុទ្ធសាធ។

ក្រៅពីជេរប្រមាថព្រះមហាក្សត្រ និងមាក់ងាយថ្នាក់ដឹកនាំ ជនបរទេសឈ្មោះអាឡិចបាននិយាយអំពីផែនការរៀបចំលេខាធិការដ្ឋានមួយនៅក្រៅប្រទេស ដើម្បីប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការទទួលលុយពីបរទេស។ តាំងពីការផ្តល់គំនិតគូរូបថ្លុក និងការធ្វើសកម្មភាពនានា ដើម្បីបម្រើឱ្យគោលដៅផ្តួលរំលំ ឬហៅថាបដិវត្តន៍ពណ៌ រហូតដល់ការកៀរគរលុយពីម្ចាស់ជំនួយដើម្បីគាំទ្រសកម្មភាពរបស់ខ្លួន អាឡិចគឺជាមេគំនិត ឬមេក្លោងទាំងអស់។

ចំណែកយុវជនដែលបានអះអាងថា ខ្លួនជាសកម្មជនបរិស្ថាន គឺជាអ្នករួមគំនិតយ៉ាងពិតប្រាកដដែលមិនអាចប្រកែកបាន ពីព្រោះពួកគេទទួលបញ្ជាពីអាឡិច ដែលពួកគេហៅថា «លោកឳ» និងបានរួមគំនិតយោបល់ផ្តល់ការគាំទ្រ ព្រមទាំងទទួលយកផែនការទាំងនោះមកអនុវត្ត។ ក្រោយពីបានស្តាប់វីដេអូបែកធ្លាយទាំង ៣ភាគនេះ យើងពិតជាបានដឹងច្បាស់ថា អ្វីដែលពួកគេបានសម្តែងកន្លងមក ដោយតាំងខ្លួនជាយុវជនបរិស្ថានគឺជាការបោកប្រាស់ដើម្បីបន្លំភ្នែកមហាជនសុទ្ធសាធ។

បរិស្ថានគ្រាន់តែជារបាំងមុខប៉ុណ្ណោះ ប៉ុន្តែសកម្មភាពពិតរបស់ក្រុមនេះគឺជាការអនុវត្តផែនការផ្តួលរំលំ។ យោងតាមវីដេអូបែកធ្លាយនេះ អាឡិចបានបញ្ចេញឈ្មោះអ្នករួមគំនិតមួយចំនួន ដូចជា ប៉ា ងួនទៀង និងវិទ្យុអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងនៅបាងកកជាដើម។

កន្លងទៅ ខ្ញុំចេះតែឆ្ងល់ដែរថា សកម្មជនបរិស្ថានមួយក្រុមនេះមិនដែលបានធ្វើ សកម្មភាពដាំដើមឈើ ឬជួយសម្អាតបរិស្ថាន ដូចយុវជនបរិស្ថានជាច្រើនដែលបានធ្វើនោះឡើយ។ តែក្រុមនេះបែរជាធ្វើសកម្មភាពបែបបង្ករឿង ចោទប្រកាន់ មួលបង្កាច់ បំផ្លើសបំភ្លៃបែបសកម្មជននយោបាយទៅវិញ។

លើសពីនេះ ពួកគេធ្វើសកម្មភាពប្លែកៗ ដូចជាជួតក្បាលនឹងក្រម៉ា ឬកន្សែងស លើកបដា ឬតែងខ្លួនជាខ្មោចជាដើម។ តើទង្វើបែបនេះជាសកម្មភាពការពារបរិស្ថានឬ? ឥឡូវនេះទើបយើងដឹងច្បាស់ថា ទាំងនោះគឺជាអំពើបង្កហេតុ ដើម្បីបង្កើតជាចលាចលសង្គម តាមគំរោងបដិវត្តន៍ពណ៌ដែលជាផែនការរបស់អាឡិចទាំងស្រុង។

តាមរយៈផែនការដែលអាឡិចរៀបចំ គេក៏អាចដឹងទៀតថាមានអ្នករួមគំនិតជាច្រើនទៀត។ ហេតុដូច្នេះហើយបានជានៅពេលដែលក្រុមនេះធ្វើសកម្មភាព ជាពិសេសនៅពេលពួកគេបង្កហេតុជាមួយអាជ្ញាធរមានសមត្ថកិច្ច មានបណ្តាញរបស់ពួកគេ ដែលក្នុងនោះមានអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន ដែលទទួលលុយពីបរទេស និងអង្គការបរទេសខ្លះដែលជាម្ចាស់ជំនួយ រួមទាំងឧបករណ៍ឃោសនាបម្រើនយោបាយជ្រុលនិយមពីក្រៅប្រទេសដូចជាអាស៊ីសេរី ខេមបូឌាដេលី និងវីអូឌីជាដើម តែងចេញមុខការពារយ៉ាងស្រុះគ្នាល្អណាស់។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះគឺ ពួកគេតែងធ្វើសកម្មភាពផ្គើនជាមួយអាជ្ញាធរដោយគ្មានកោតក្រែងឡើយ។

មានរឿងមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ ដែរនោះគឺ នៅពេលដែលមានសហជីពជាច្រើនបានស្នើទៅក្រសួងមហាផ្ទៃឱ្យធ្វើសវនកម្មហិរញ្ញវត្ថុពីអង្គការសង់ត្រាល់ ស្រាប់តែមានអង្គការបរទេសមួយចំនួនចេញមុខស្នើកុំឱ្យក្រសួងមហាផ្ទៃត្រួតពិនិត្យប្រភពហិរញ្ញវត្ថុរបស់អង្គការសង់ត្រាល់ទៅវិញ។

ប្រសិនបើពួកគេធ្វើសកម្មភាពដោយសុច្ចរិតមែន ហេតុអ្វីចាំបាច់ខ្លាចតម្លាភាព? ក្រែងខ្លួនតែងតែទាមទារឱ្យមានតម្លាភាពនោះអី? ទាំងអស់នេះគឺជាខ្សែចំណងទាក់ទងគ្នាដ៏វែងអន្លាយ និងចាក់ស្រេះនៃខ្សែបណ្តាញចលនាបដិវត្តន៍ ដែលតែងតែបង្កជាព្យុះភ្លៀង ផ្គររន្ទះ បោកបក់ឥតឈប់ឈរមកលើទឹកដីកម្ពុជាដ៏កំសត់របស់យើង។មកដល់ត្រឹមនេះ ខ្ញុំពិតជាកោតសរសើរថ្នាក់ដឹកនាំដែលមានភាពឆ្លាតវៃ ក្នុងការទប់ស្កាត់បានទាន់ពេលវេលានូវឧបាយកលបដិវត្តន៍ពណ៌ទាំងនេះ។

ដោយឃើញជាក់នឹងភ្នែកបែបនេះ ខ្ញុំពិតជាមានអារម្មណ៍ថា ទោសដែលតុលាការកម្ពុជាបានដាក់ទៅលើអាឡិចនិងគូកនពិតជានៅស្រាលណាស់។ ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំសូមស្នើឱ្យតុលាការដាក់ទោសបន្ថែមទៅលើជនបរទេសឈ្មោះអាឡិចនិងគូកនឱ្យបានធ្ងន់ធ្ងរជាងនេះទើបសមនឹងអំពើក្បត់ និងរួមគំនិតក្បត់របស់ពួកគ។

ចាំមើលថា ក្រោយពេលឃើញវីដេអូបែកធ្លាយនេះ តើនៅមានអង្គការ សមាគមណាខ្លះទៀតដែលចេញមុខការពារអាឡិចនិងគូកន? តើមាននរណាខ្លះទៀតដែលនៅតែចាត់ទុកក្រុមនេះជាសកម្មជនការពារបរិស្ថាន? ៕

...

ដោយ ៖ អ្នកនយោបាយតុកាហ្វេ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print