ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនមន្ត្រីយោធាជើងខ្លាំងម្នាក់ដែលកាន់កាំភ្លើង AK គំរាមកំហែងពលរដ្ឋ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩ និង ៣២នាទី មានបុរសម្នាក់បានប្រើប្រាស់កាំភ្លើង០១ដើម ម៉ាក AK47 ទៅគំរាមកំហែងពលរដ្ឋនៅចំណុចគល់ស្ពានព្រែកព្នៅ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសរូបនោះយកមកសួរនាំ។
ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរជាយោធា បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើង០១ដើមម៉ាក AK47 គំរាមកំហែង ជនរងគ្រោះនៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះបានចោទមកលើខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់គេ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផងទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមពួកនោះឱ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ រ៉ារ៉ា