ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ខែកក្កដា ឆ្នាំ ២០២៤សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិ បាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាលលោកឡុង ធាមប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាលនៅមូលដ្ឋានសុខាភិបាលមួយចំនួនក្នុងខេត្តត្បូងឃ្មុំ រួម មានមណ្ឌលសុខភាពស្លារ មណ្ឌលសុខភាពមេមត់ មន្ទីរ ពេទ្យបង្អែកមេមត់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ត្បូងឃ្មុំ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹក នាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិ បាលរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។សាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមបន្តខិតខំបន្ថែមទៀត ទាំងការផ្តល់សេវារដ្ឋបាល ជាពិសេសផ្នែកបច្ចេកទេស ដែលក្នុងនោះត្រូវខិតខំពង្រឹងសមត្ថភាព បង្កើនសមត្ថភាពតាម រយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយធានាឱ្យបានការបំរើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។
សូមជម្រាបជូនដែរថា រយៈពេល៣ថ្ងៃ នៃដំណើរបេសកកម្មនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួង សុខាភិបាល បានចុះពិនិត្យមូលដ្ឋានសុខាភិបាល ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្មនេះ នៃខេត្តភូមិភាគឦសាន។ សាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គី ភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕