ខេត្តកណ្តាល៖ កម្លាំងសម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយជិះម៉ូតូទៅបន្ទប់ជួលអតីតប្រពន្ធ ស្រាប់តែឃើញ នាំអ្នកប្រុសថ្មីចូលដេកក្នុងបន្ទប់ ទ្រាំមិនបានទាញកូនកាំបិតចាក់ស្លាប់ប្រពន្ធ ឯបុរសជាសង្សាររបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨:៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខC26 ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត
កណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមាន ឈ្មោះ ស៊ាន សាវឿង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះចំនួន០២នាក់ ទី១.ឈ្មោះ ឈិន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានស្លាប់នៅនឹងកន្លែង។ ទី២.ឈ្មោះ សាំង គឹមសាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឡាំប្រឺតា ស្នាក់នៅផ្ទះជួលសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ រងរបួសធ្ងន់។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ឈិន ស្រីនាង ភេទស្រី ជាអតីតប្តីប្រពន្ធជាមួយគ្នា និងមានកូន
០៤នាក់ ប្រុស០២នាក់ និងស្រី០២នាក់ ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍បានយ៉ាងត្រឹមត្រូវ ក្រោយមកដោយរស់នៅជាមួយគ្នាមិនចុះសម្រុងនិងគ្នា ក៏បានទៅសុំលែងលះគ្នាជាមួយប្រពន្ធត្រឹមមេភូមិ បានរយៈពេល០៣ខែ តែនៅមានការទាក់ទងគ្នាតាមទូរស័ព្ទ (ឆាត) និងធ្លាប់បានរួមភេទជាមួយគ្នាជាច្រើនដង នៅផ្ទះសំណាក់ ដោយមិនឱ្យម្តាយខាងស្រីដឹងទេ។ បន្ទាប់មកមុនពេលកើតហេតុមួយសប្តាហ៍ ជនរងគ្រោះបានតេទូរស័ព្ទមកប្រាប់ជនសង្ស័យថាខ្លួនបានទៅដើរលេងជាមួយមិត្តភក្តិនៅខេត្តកំពង់ឆ្នាំ មានគ្នាចំនួន០៥នាក់ (ស្រី០៣នាក់ និងប្រុស០២នាក់) ចេញដំណើរម៉ោង០៧:០០នាទីព្រឹក រហូតដល់ម៉ោង២២:០០នាទី បានមានមនុស្សប្រុសម្នាក់ឌុបជនរងគ្រោះមកដល់ផ្លូវចូលបន្ទប់ជួលវិញ ឃើញដូចនោះជនសង្ស័យបានជិះម៉ូតូទៅបន្ទប់ជួលនៅភូមិទួលពង្រវិញ។ បានមួយសប្តាហ៍ក្រោយមកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ ជនសង្ស័យបានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4705 ចេញពីបន្ទប់ជួលនៅភូមិទួលពង្រ បំណងទៅបន្ទប់ជួលជនរងគ្រោះនៅសង្កាត់ស្វាយរលំ ដោយដាក់កូនកាំបិតចុងស្រួចនៅក្នុងកាបូប បំណងគិតថាប្រពន្ធលួចលាក់មានប្រុសថ្មី និងចាក់សម្លាប់ប្រុសស្នេហ៍នោះតែម្តង។
លុះនៅម៉ោងកើតហេតុ ជនសង្ស័យបានទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ក៏បានឃើញទ្វារបន្ទប់បិទខ្ទាស់គន្លឹះបិទភ្លើងងងឹតឈឹង ជនសង្ស័យបានទៅគោះទ្វារ ភ្លាមនោះជនរងគ្រោះបានបើកភ្លើងភ្លឺ បន្ទាប់មកជនរងគ្រោះឈ្មោះ សាំង គឹមសាត ភេទប្រុស អាយុ៣៩ឆ្នាំ (ប្រុសស្នេហ៍) របស់ជនរងគ្រោះ បានដើរទៅអើតមើលតាមចន្លោះទ្វារឃើញជនសង្ស័យ ក៏ដើរថយក្រោយ បន្ទាប់មកជនរងគ្រោះជាអតីតប្រពន្ធ បានទៅបើកទ្វារឱ្យជនសង្ស័យ បន្ទាប់មកជនសង្ស័យបានដើរចូលទៅខាងក្នុងបន្ទប់ដោយដកយកកាំបិតពីក្នុងកាបូបមកចាក់ប្រុសស្នេហ៍ត្រូវមួយកាំបិតចំត្រង់ពោះ និងដៃ ឃើញដូចនោះជនរងគ្រោះជាប្រពន្ធបានស្ទុះទៅពាំងពីមុខជនរងគ្រោះឈ្មោះ សាំង គឹមសាត ជនសង្ស័យបានយកកាំបិតចាក់ជនរងគ្រោះជាអតីតប្រពន្ធចំពោះជាច្រើនកាំបិត និងចាក់ចំ ក ចំនួន០២កាំបិត ដួលស្លាប់នៅនិងកន្លែងតែម្តង ឃើញដូចនោះជនរងគ្រោះ ឈ្មោះ សាំង គឹមសាត ក៏បានរត់ចេញស្រែកឱ្យគេជួយ បានមួយសន្ទុះក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ចុះមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះជាប្រពន្ធ និងប្រុសស្នេហ៍របស់ប្រពន្ធរងរបួសធ្ងន់ ដោយសារខឹងអតីតប្រពន្ធលួចផិតមានប្រុសថ្មី យកមកដេកនៅក្នុងបន្ទប់ជួលប្រាកដមែន។ តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យ និងជំនាញ ជនរងគ្រោះស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរនៅលើបំពង់កនិងលើទ្រូងដោយចាក់និងកាំបិត ក្រោយពិនិត្យនឹងធ្វើកំណត់ហេតុរួចសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕ជ្រោយពេជ្រ