ភ្នំពេញ÷លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងជាសមាជិក នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងគណៈកម្ម ការបច្ចេកទេសអន្តក្រសួង គ.វ.ជ. ព្រមទាំងគណៈកម្ម ការបច្ចេកទេសនៃក្រុមការងារលេខាធិការដ្ឋាន គ.វ.ជ.។
កិច្ចប្រជុំនាព្រឹកនេះបានពិភាក្សាទៅលើរបៀបវារៈចំនួន ៣ រួមមាន៖ (១) របាយការណ៍វឌ្ឍនភាពការងាររយៈពេល ៦ខែរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (២) ការពិនិត្យវិធានការ និងការអភិវឌ្ឍផែនការសកម្មភាពបន្ទាប់សម្រាប់ឆ្នាំ២០២៤ របស់គ.វ.ជ. និង(៣) បញ្ហាផ្សេងៗ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រី លើក ឡើងថា “ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺជាយន្តការនៃការរៀបចំបរិយាកាស បរិស្ថានមួយ ដើម្បីធ្វើយ៉ាងណាឱ្យមានការប្រែប្រួលទស្សនៈ ដោយមិនត្រូវគិតទៅលើការឈ្នះចាញ់តែមួយម្យ៉ាងនោះទេ តែជាការគាំទ្រដល់ឆន្ទៈ និងការខិតខំប្រឹងប្រែង របស់តួអង្គដឹកនាំនៅអង្គភាពនោះ ហើយថ្នាក់ជាតិនៅអមជាមួយ ទាំងកម្រិតបច្ចេកទេស ការបណ្តុះបណ្តាល និងការជួយគាំទ្រជាកម្លាំងចិត្ត”។ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណដល់ការចូលរួម និងមតិយោបល់យ៉ាងផុស ផុលរបស់ថ្នាក់ដឹកនាំនៃ គ.វ.ជ. និងបានសំណូមពរ ឱ្យមានការចូលរួម និងគាំទ្រ នូវគំនិតផ្តួចផ្តើមរបស់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាប់ផ្តើមរៀបចំការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បន្តទៅមុខបន្ថែមទៀត និងចូលរួមចំណែកប្រែក្លាយយន្តការរបស់យើង ឱ្យស្របទៅតាមការរំពឹងទុករបស់សម្តេចធិបតី។
ឧបនាយករដ្ឋមន្ត្រី មានភាពជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនាពេលនេះ ពិតជាទទួលបាននូវមតិយោបល់ជាធាតុចូលទៅលើបញ្ហាប្រឈម និងសំណូមពរ ក៏ ដូចជាដំណោះស្រាយនានា សម្រាប់ជាមូលដ្ឋាននៃការអនុវត្តយន្តការការងារជាបន្តបន្ទាប់ទៅមុខទៀត ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ និងសុខាភិបាល នៅមូលដ្ឋាន ក្នុងកិច្ចការកែទម្រង់អភិបាលកិច្ចស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
គួររម្លឹកដែរថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ បានកំណត់យក វិទ្យាល័យ និងសាលាមតេយ្យសិក្សាដាច់ដោយឡែកពីសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣៕