សារព័ត៌មាន AFP បានដកស្រង់សម្តីក្រុមមន្ត្រីសន្តិសុខកូរ៉េខាងត្បូងដែលបាននិយាយថា បាល់ឡុងផ្ទុកសំរាមមួយចំនួនបង្ហោះដោយកូរ៉េខាងជើង បានធ្លាក់ក្នុងបរិវេណវិមានប្រធានាធិបតី នៅថ្ងៃពុធ ទី២៤ ខែកក្កដានេះ ដោយជំរុញឱ្យសេអ៊ូលដាក់ពង្រាយក្រុមអ្នកជំនាញខាងសារធាតុគីមី។
នេះជាលើកដំបូងបំផុតដែលបាល់ឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណការិយាល័យមេដឹកនាំកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល ដែលត្រូវបានការពារយ៉ាងមាំទាំដោយទាហានជាច្រើន និងជាតំបន់គ្មានការហោះហើរចាប់តាំងពីទីក្រុងព្យុងយ៉ាងផ្ដើមធ្វើយុទ្ធនាការបង្ហោះបាល់ឡុងសណ្ដោងសំរាមចូលដីកូរ៉េខាងត្បូង កាលពីខែឧសភា មក។ មន្ត្រីសន្តិសុខប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ AFP ថា ក្រុមអ្នកជំនាញខាងសារធាតុគីមី ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្ម បានប្រមូលបាល់ឡុងសំរាមទាំងនោះដោយសុវត្ថិភាព ហើយក្រោយការវិភាគ ជាលទ្ធផលបញ្ជាក់ថា មិនមានសារធាតុគ្រោះថ្នាក់ឬសារធាតុចម្លងជំងឺណាមួយត្រូវបានរកឃើញនោះទេ។
យោធាកូរ៉េខាងត្បូង នៅមុននោះបន្តិច បានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាល់ឡុងចូលដីកូរ៉េខាងត្បូងសាជាថ្មី ខណៈអាជ្ញាធរទីក្រុងសេអ៊ូលចេញសារអាសន្ននៅព្រឹកថ្ងៃពុធនេះជាមួយការព្រមានកុំឱ្យប៉ះពាល់បាល់ឡុងទាំងនោះឱ្យសោះ ហើយបើប្រទះឃើញត្រូវរាយការណ៍ជូនអាជ្ញាធរ។ នេះគឺជាលើកទី១០ផងដែរដែលកូរ៉េខាងជើង បានបង្ហោះបាល់ឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០២៤នេះ ជាការសងសឹកទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះបាល់ឡុងសណ្ដោងខិត្តប័ណ្ណរិះគន់របបដឹកនាំ លោក គីម ជុងអ៊ុន ចូលក្នុងដីកូរ៉េខាងជើង។
ជាការឆ្លើយតបដែរ កូរ៉េខាងត្បូងបានចាប់ផ្ដើមឡើងវិញទាំងស្រុងនូវដំណើរការឧបករណ៍បំពងសំឡេងឃោសនារិះគន់ប្រឆាំងកូរ៉េខាងជើង នៅតំបន់ព្រំដែន៕ ដោយធីរីណា
រូបថត: AFP