ភ្នំពេញ ៖ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពក្នុងការវះកាត់ដុំសាច់ខួរក្បាលនិងខួរឆ្នឹងខ្នងអោយកាន់តែប្រសើរឡើងថែមទៀត មន្ទីរពេទ្យកាល់ម៉ែតបាន បំពាក់នូវឧបករណ៍ជំនួយក្នុងការវះកាត់ CUSA Clarity Ultrasonic Surgical Aspirator ដែលជា Model ចុងក្រោយ ផលិតក្នុងឆ្នាំ២០២៤។
ឧបករណ៍ដែលទើបទទួលបាននេះ មានមុខងារបំបែកដុំសាច់បានច្បាស់លាស់ល្អ លឿន និងបឺតយកដុំសាច់ក្នុងពេលតែមួយ ដែលមានប្រសិទ្ធភាពជាង Model មុនរហូតដល់ 50%។ ជាមួយមុខងារទាំងអស់នេះ អាចជួយកាត់បន្ថយរយៈពេលវះកាត់ កាត់បន្ថយការហូរឈាមពេលវះកាត់ និងបន្ថយការប៉ះពាល់ដល់កោសិកាធម្មតាដែលនៅជុំវិញដុំសាច់ ដែលនឹងជួយឲ្យវេជ្ជបណ្ឌិតឯកទេសមានលទ្ធភាព ពិនិត្យ និងព្យាបាលប្រកបដោយភាពច្បាស់លាស់ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យ ក្នុងការលើកកំពស់សុខភាព និងជាដៃគូផ្តល់សេវាដែលទុកចិត្ត ជាមួយគុណភាពលំដាប់ខ្ពស់។
ការអភិវឌ្ឍបន្ថែមនេះ ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីសម្រួលដល់បច្ចេកទេសនៃការពិនិត្យ និងព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស ក្នុងការផ្តល់សេវាជូនប្រជាជនយើង។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕