ប៉ូលិសបាននិយាយថា ការចាក់សម្លាប់នេះបានកើតឡើងកាលពីថ្ងៃទី 29 ខែកក្កដា នៅឯថ្នាក់រាំរបស់កុមារនៅភាគពាយព្យនៃប្រទេសអង់គ្លេស ដោយបានសម្លាប់កុមារ 2 នាក់ និងរបួស 11 នាក់ ។
ប៉ូលិសបាននិយាយថា កុមារប្រាំបួននាក់ និងមនុស្សពេញវ័យពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារនៅទីក្រុង Southport ដែលជាទីក្រុងមាត់សមុទ្រក្បែរទីក្រុង Liverpool ។ បច្ចុប្បន្ន កុមារ៦នាក់ និងមនុស្សធំ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ។
មេប៉ូលីស Serena Kennedy បានចែករំលែកថា មនុស្សពេញវ័យបានរងរបួស បន្ទាប់ពីព្យាយាមការពារកុមារក្នុងអំឡុងពេលវាយប្រហារ។ លោក Kennedy បាននិយាយថា “យោងទៅតាមការស៊ើបអង្កេតដំបូង ជនល្មើសបានចូលទៅក្នុងបរិវេណ ហើយចាប់ផ្តើមប្រើកាំបិតវាយប្រហារមនុស្សនៅខាងក្នុង។ យើងជឿថាមនុស្សពេញវ័យដែលរងរបួសកំពុងព្យាយាមការពារកុមារនៅពេលនោះ។
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ជាក្មេងជំទង់អាយុ១៧ឆ្នាំ និងដកហូតកាំបិត។ ទោះបីជាមូលហេតុនៃការវាយប្រហារនេះនៅមិនទាន់ច្បាស់ក៏ដោយ ប៉ុន្តែប៉ូលីសមិនបានចាត់ទុកឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។
សាក្សីម្នាក់បានរៀបរាប់ពីទិដ្ឋភាពនៃកុមារដែលប្រឡាក់ដោយឈាមរត់ចេញពីថ្នាក់រៀនមួយសម្រាប់កុមារអាយុពី ៦ ទៅ ១១ ឆ្នាំនៅថ្ងៃដំបូងនៃវិស្សមកាលរដូវក្តៅ។
លោក Bare Varathan ម្ចាស់ហាងក្បែរនោះបាននិយាយថា គាត់បានឃើញក្មេងយ៉ាងតិច ៧ នាក់បានរងរបួស និងហូរឈាម។
នាយករដ្ឋមន្ត្រី Keir Starmer បានហៅការវាយប្រហារនេះថា “គួរឱ្យរន្ធត់ និងតក់ស្លុត” ។ ជាប្រវត្តិសាស្ត្រ ការវាយប្រហារដ៏អាក្រក់បំផុតលើកុមារនៅចក្រភពអង់គ្លេសបានកើតឡើងក្នុងឆ្នាំ 1996 នៅពេលដែល Thomas Hamilton (អាយុ 43 ឆ្នាំ) បានបាញ់សម្លាប់សិស្សសាលាមត្តេយ្យ 16 នាក់ និងគ្រូបង្រៀននៅឯកន្លែងហាត់ប្រាណនៅសាលា Dunblane ប្រទេសស្កុតឡែន។ ក្រោយមក អង់គ្លេសបានហាមឃាត់កម្មសិទ្ធិឯកជននៃការប្រើប្រាស់កាំភ្លើង។
ដូច្នេះ ការបាញ់ប្រហារទ្រង់ទ្រាយធំ និងឃាតកម្មដោយកាំភ្លើងគឺកម្រមានណាស់នៅក្នុងចក្រភពអង់គ្លេស ប្រហែល 40% នៃឃាតកម្មពាក់ព័ន្ធនឹងជនល្មើសដោយប្រើកាំបិត។ ការវាយប្រហារថ្មីៗជាច្រើនបាននាំឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតដើម្បីទប់ស្កាត់អាវុធ៕
រូបថត:AP