ភ្នំពេញ ៖ រោងពិធីបុណ្យសពអាកាសយានិកទាំង ០២រូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យសព បានរៀបចំរួចហើយ នាបរិវេណមូលដ្ឋានកងទ័ពជើងអាកាសពោធិចិនតុង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤នេះ។
សូមជម្រាបថា ៖ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ មន្ត្រីរាជការ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែងជូនក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្ដុកក្ដួលនេះ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ មន្ត្រីរាជការ សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងក្តីអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា។ ការពលីរបស់យោធាទាំងពីរនាក់ មិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរយុទ្ធជនកម្ពុជាដ៏ឆ្នើម មានសេចក្តីមោះមុត អង់អាចក្លាហានមួយរូប ដែលបានលះបង់អាយុជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា