កម្ពុជា-ចិន ពិភាក្សាគ្នាលើ កិច្ចសហការត្បូងពេជ្រ ដែលផ្តោតលើបច្ចេកវិទ្យា ឧស្សាហកម្ម និងច្រករបៀងមច្ឆានិងអង្ករ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋសភាកម្ពុជា និងសភាចិន គ្រោងចុះកិច្ចព្រមព្រៀងលើកកម្រិតទំនាក់ទំនងគ្នាឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមការលើកកម្រិតទំនាក់ទំនង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។​ ការបញ្ជាក់ពីគម្រោងចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នានាពេលខាងមុខនេះ ត្រូវបានលើកឡើងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៤នេះ​ ក្នុងជំនួបរបស់លោក វ៉ាង វិនពីន(WANG Wenbin)ឯកអគ្គរដ្ឋទូតថ្មីប្រទេសចិនប្រចាំកម្ពុជា សម្រាប់ជាកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ជាមួយគ្នានេះ​ ភាគីទាំងពីរ ក៏បានលើកឡើងពីកិច្ចសហការត្បូងពេជ្រ ដែលផ្តោតលើបច្ចេកវិទ្យា ឧស្សាហកម្ម ច្រករបៀងមច្ឆានិងអង្ករ ការជំរុញនូវផលិតកម្ម ទេសចរណ៍ និងទំនាក់ទំនងវប្បធម៌ រវាងប្រជាជន និងប្រជាជន។

បេីតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្រោយជំនួបនេះ បានថ្លែង​បញ្ជាក់ថា​ ក្នុងអំឡុងខែកញ្ញាខាងមុខនេះ សម្ដេចប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូសភាទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលនៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចរដ្ឋសភាធិការធិបតី គ្រោងនឹងជួបថ្នាក់ដឹកនាំរបស់សភាចិនដែលជាសមភាគី ដើម្បីពិភាក្សាការងារ និងមានការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា ដើម្បីធ្វើបច្ចុប្បន្ននៃទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីបានធ្វើម្តងរួចមកហើយនៅឆ្នាំ២០០៧។ កិច្ចព្រមព្រៀង ដែលនឹងត្រូវធ្វើបច្ចុប្បន្នឡើងវិញនោះ មានទាំងកម្រិតថ្នាក់ដឹកសភា និងថ្នាក់អគ្គលេខាធិការដ្ឋាននៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

លោក​ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ រំពឹងថា ទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងកាន់តែរឹងមាំ និងទទួលបានផ្លែផ្កាទ្វេឡើងមួយកម្រិតទៀតនៅក្នុងអាណត្តិការទូតរបស់ខ្លួន។ លោក​ បានសន្យាថា នឹងចុះទស្សនកិច្ចនៅទូទាំង២៥រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ ក៏ដូចជាបង្កើនភាពស្និទ្ធ ស្នាលជាមួយប្រជាជនកម្ពុជាផងដែរ។

សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងបេសកកម្មចុះទៅជួបប្រជាជនកម្ពុជានៅទូទាំង២៥រាជធានី-ខេត្ត ដោយសម្តេចបានបញ្ជាក់ថា នេះជាគំរូមួយសម្រាប់អ្នកការទូតនានាផងដែរ ដែលទៅប្រទេសណាក៏ដោយ ត្រូវព្យាយាមយល់ពីកន្លែងនោះ។

...

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងក្នុងរយៈកាល៦៥ឆ្នាំ កន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ ដោយបានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print