ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ
ករណីហិង្សាដោយចេតនានិងបរិហាកេរ្តិ៍
នៅស្រុករំដួល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះអ៊ុយ សម្បត្តិ ហៅឃ្លីល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល។
ចំណែកជនរងគ្រោះមានឈ្មោះឈ្មោះ ផាត់ ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពបន្តថា ជនរងគ្រោះ បានប្តឹងរាយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេកថា មានឈ្មោះ អ៊ុយ សម្បត្តិ បានផឹកស្រាស្រវឹងមករករឿងជេរប្រមាថនិងបរិហារកេរ្តិព្រមទាំងយកដុំថ្មនិងកំប៉ុងស្រាបៀរគប់ចូលផ្ទះរបស់ខ្លួនបណ្ដាលអោយត្រូវម្រាមជើងខាងស្តាំ និង ខ្មងជើងដាច់ហូរឈាមបណ្ដាលឪ្យរងរបួសស្រាល ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយចេកបានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនខាងលើ កំពុងស្រែកជេរនិងបាននាំមកប៉ុស្តិ៍រដ្ឋបាលស្វាយចេកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថារូបខ្លួនពិតជាយកដុំថ្មនិងកំប៉ុងស្រាបៀរគប់ទៅលើ ជនរងគ្រោះត្រូវចំខ្មងជើងខាងស្ដាំនិងជេរប្រមាថបរិហារកេរ្តិ៍ពិតប្រាកដមែន។
បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកអធិការបានរាយការណ៍សុំយោបល់លោក ស្នងការនគរបាលខេត្តស្វាយរៀង និងរាយការណ៍សុំយោបល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ៖ ស្រវឹងស្រា និងមានគំនុំជេប្រមាថគ្នាពីមុនមក។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕