ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ខូចខាតស្រូវប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៤ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រោះគ្រោះមហន្តរាយ អមដំណើរដោយ អភិបាលខេត្តកំពង់ធំ រួមជាមួយមន្ទីរស្ថាប័នពាក់ព័ន្ឋ អញ្ជើញចូលរួម ពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជន់លិចខូចខាតស្រូវរបស់ប្រជាពលរដ្ឋជាង៣០០០ហិកតា នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ បានឱ្យដឹងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ៤០០០ហិកតានេះ ឃើញមានស្រូវប្រមាណជា ៥០ ភាគរយប៉ុណ្ណោះដែលរងការខូចខាត ព្រោះទីតាំងខាងលើនេះវាមិនមានស្រូវ ១០០ ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធភាព បន្តធ្វើស្រូវប្រាំង ក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជឱ្យគាត់តាមលទ្ធភាពជាក់ស្តែង។

ទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូត ព្រោះវាជារដូវវស្សាហើយ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត ៥ពាន់ហិកតា  ក្នុងនោះខូចខាតជាង២ពាន់ហិកតា។

ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់។

...

ទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លើអាយុជីវិតមនុស្ស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print