ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់បានចូលចាប់ និងគំរាមចាក់សម្លាប់នារីម្នាក់ដល់ក្នុងផ្ទះដេក ដោយសង្ស័យចង់ប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច ដោយជនរងគ្រោះរើបំរាស់យកដៃវាចេញពីមាត់រួច ក៏បានស្រែកឲ្យអ្នកជិតខាងជួយ ទេីបជនសង្ស័យរត់ឡេីងជិះម៉ូតូគេចខ្លួនបាត់ ។
ជុំវិញករណីខាងលេីនេះ នេះបើយោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នេះថា បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបាទី កំពុងធ្វើការស្រាវជ្រាវ និងសេីុបអង្កេតដោយយកចិត្តទុកដាក់បំផុត។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះថា Nhem Reaksmey បានបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយសំណេរ ដែលមានខ្លឹមសារទាំងស្រុងថា៖«សូមបងប្អូនទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្លួនផង ព្រោះកាលពីម្សិលមិញថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ប្រហែលជាម៉ោង10ជាងព្រឹក ខ្ញុំផ្ទាល់បានជួបរឿងដែលនឹកស្មានមិនដល់ ដែលគួរឱ្យខ្លាច មានបុរសម្នាក់ដែលមានភិនភាគដូចក្នុងរូបខាងក្រោម រូបរាងស្ដើង ខ្ពស់ សម្បុរ សណ្ដែកបាយ ពាក់ម៉ាស់ អាវក្រៅ រ៉ូតដៃវែង ពណ៌ខ្មៅលាយខៀវជិះម៉ូតូ អាសង់016 មានកន្រ្តកមុខ បានធ្វើសកម្មភាពចូលផ្ទះខ្ញុំ ហើយពេលមានឱកាសពេលយើងនៅម្នាក់ឯងវាបានចូលចាប់ និងគំរាមចាក់សម្លាប់ខ្ញុំដល់ក្នុងផ្ទះដេក ប្រហែលគោលបំណងរកលុយ តែបានគុណបុណ្យជួយ ខ្ញុំបានរើបំរាស់យកដៃវាចេញពីមាត់រួច ក៏បានស្រែក ឱ្យបងប្រុសនៅជិតមកជួយទាន់ វាជិះម៉ូតូរត់ចេញទៅផ្លូវកើត តាមរកមិនឃើញឡើយ ដោយបន្សល់ទុក វត្ថុតាងដូចខាងក្រោម»៕ដោយ ៖ ភារ៉ា ដង្កោ