ខេត្តស្វាយរៀង ៖ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រកួតកីឡាទូកប្រណាំងខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤» នៅបរិវេណទន្លេវ៉ៃគោ ក្រុងស្វាយរៀង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។
ការថ្លែងក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឯកឧត្តម សរ សិទ្ធិ សំណូមពរទៅកាន់កីឡាករ-កីឡាការិនីដែលបានចូលរួមការប្រកួតពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ នេះឱ្យគោរពនូវគោលការណ៍យុត្តិធម៌ មិនបំពានលក្ខខណ្ឌបច្ចេកទេស និងបទបញ្ជានៃការប្រកួត ព្រោះកីឡាមិនមែនដើម្បីតែចាញ់ ឬឈ្នះនោះទេ តែកីឡាគឺដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។
ជាមួយគ្នានោះ ឯកឧត្តមអនុប្រធានសហព័ន្ធទី២ ចាត់ទុកការរៀបចំព្រឹត្តិការណ៍កីឡាទូករៀងរាល់ឆ្នាំ គឺដើម្បីចូលរូមលើកកម្ពស់ និង អភិវឌ្ឍ វិស័យកីឡាប្រណាំងទូកនៅកម្ពុជា ក៏ដូចជាការបង្កើតភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សរ សិទ្ធិ ក៏បានអំពាវនាវមហាជនចូលរួមគាំទ្រ លើកទឹកចិត្តដល់វិស័យកីឡាទូកនេះ ដែលជាកេរ្តិ៍មរតកវប្បធម៌ប្រពៃណីរបស់ខ្មែរ និងចូលរួមអភិរក្សដើម្បីភាពរីកចំរើនបន្ថែមទៀត។
យ៉ាងណាក្នុងបរិយាកាសដ៏សប្បាយរីករាយនាមាត់ទន្លេវ៉ៃគោ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ទុកការប្រកួតកីឡាប្រណាំងទូកនៅខេត្តស្វាយរៀងនេះ ជាឱកាសសម្រាប់អ្នកស្នេហាវិស័យកីឡាទូកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតប្រជែង ដណ្តើមជ័យជំនះ និងបានបញ្ចេញទេពកោសលសមត្ថភាពក្រុមរៀងៗខ្លួន។
ឯកឧត្តម សរ សិទ្ធិ ក៏បានកោតសរសើរចំពោះការរៀបចំរបស់គណៈកម្មការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលប្រព្រឹត្តទៅដោយរលូនល្អ ក្រោមកិច្ចសហប្រតិតប្តិការជួយជ្រោមជ្រែងពីរដ្ឋបាលខេត្តស្វាយរៀង ពិសេសគ្រប់ផ្នែកគឺទទួលខុសត្រូវបានល្អ អ្វីដែលពិសេសទៀតនោះគឺការចូលរួមទស្សនាកម្សាន្តពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងបានញ៉ាំងបរិយាកាសនៃការប្រកួតថ្ងៃទី០១នេះពោរពេញដោយស្នាមញញឹមសុខសន្តិភាព។
សូមបញ្ជាក់ថា ការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ«ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤» ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានក្លិប សមាគមន៍ រួមចំនួន ២៥មកពីក្រសួង រាជធានី-ខេត្ត។ ប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីចូលរួមសរុបមានចំនួន ៤៤០នាក់ ក្នុងនោះមាននារី ៦៩នាក់ ដែលលេងលើ ១១វិញ្ញាសា៕ដោយ ៖ ភារ៉ា ដង្កោ