ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញនូវរូបថត ថតនៅអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង៥៦នាទីព្រឹក ក្រោយពេលទាហានឡាវដកទៅវិញ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះថា ៖ រូបថតមួយសន្លឹកនេះដែលខ្ញុំបានឃើញប្អូនប្រុស វ៉ាន់ សារ៉ាយ បានបង្ហោះ ដែលថតកាលពីឆ្នាំ ២០១៧ ក្នុងខណៈដែលខ្ញុំចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូអាឡៃ (ខេត្តស្ទឹងត្រែង) ជាប់ព្រំដែនឡាវ ក៏ដូចជាកសាងផ្លូវតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុងនៃខេត្តស្ទឹងត្រែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ក្នុងនាមជាប្រតិបត្តិករមួយរូបដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពជាច្រើនក្នុងកិច្ចការពង្រឹងប្រៀបការពារជាតិនៅតាមបណ្តោយព្រំដែន ខ្ញុំអាចបញ្ជាក់បានថារាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពី កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ ៕