ប្រេស៊ីលបានធ្វើឲ្យភ្ញាក់ផ្អើលបន្ទាប់ពីពួកគេបានយកឈ្នះម្ចាស់ផ្ទះបារាំងក្នុងលទ្ធផល ១-០ ក្នុងការប្រកួតបាល់ទាត់នារីនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីរាត្រីថ្ងៃអាទិត្យ។ កីឡាការិនី Gabi Portilho រកបានគ្រាប់១គ្រាប់គត់ដែលជាគ្រាប់បាល់ជ័យជម្នះឲ្យប្រេស៊ីលនៅនាទីទី៨២នៅពេលដែលនាងបានស៊ុតបាល់បញ្ចូលទីបានសម្រេចផុតដៃអ្នកចាំទីបារាំង។
៨នាទីក្រោយមក ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះក៏មានឱកាសម្តងទៀត បន្ទាប់ពីនាងបានប្រជែងដណ្តើមបាល់បានពីកីឡាការិនីបារាំង ហើយព្យាយាមស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទីបារាំង Constance Picaud ប៉ុន្តែបាល់បានបុកនឹងបង្គោលទីខ្ទាតចេញក្រៅ។
ខាងបារាំងក៏មានឱកាសច្រើនដែរនៅតង់ទី១ ដោយបានគ្រប់គ្រងបាល់ច្រើនជាងប្រេស៊ីល ខណៈនៅនាទីទី១៦ បារាំងមានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែមិនអាចឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុននោះទេ ដោយការស៊ុតរបស់កីឡាការិនី Sakina Karchaoui ត្រូវបានសង្គ្រោះដោយអ្នកចាំទីប្រេស៊ីល Lorena។ នៅនាទីទី៤០ ខ្សែការពារបារាំង Griege Mbock Bathy ក៏មានឱកាសល្អមួយទៀត ពីការតែតចំគោលដៅ ប៉ុន្តែបាល់បានហោះកាត់ប៉ះរបារទីចេញក្រៅទៅវិញ។
ប្រេស៊ីលដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតទាំងពីរ បានទទួលជ័យជម្នះដោយគ្មានកីឡាការិនី Marta ។ វីរនារីប្រេស៊ីលរូបនេះត្រូវបានព្យួរការងារបន្ទាប់ពីនាងត្រូវបានបណ្តេញចេញពីការប្រកួតក្នុងពូលចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមអេស្ប៉ាញកាលពីថ្ងៃពុធ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក្រុមប្រេស៊ីលដែលមកពីតំបន់អាមេរិកខាងត្បូងនឹងត្រូវជួបជាមួយអេស្ប៉ាញម្តងទៀត បន្ទាប់ពីចាញ់ក្រុមម្ចាស់ជើងឯក World Cup មួយនេះ ២-០ កាលពីថ្ងៃពុធក្នុងវគ្គជម្រុះតាមពូលកន្លងមក។ ចំណែកអេស្ប៉ាញបានឈានដល់វគ្គ៤ក្រុមចុងក្រោយបន្ទាប់ពីពួកគេបានយកឈ្នះកូឡុំប៊ីដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
ក្រុមអេស្ប៉ាញបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅតង់ទីពីរ តាមពីក្រោយកូឡុំប៊ីរហូតដល់ទទួលបានលទ្ធផល ២-២។ ក្រុមទាំងពីរបានបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែម ដោយបានឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទី ដែលក្រុមអេស្ប៉ាញបានយកឈ្នះក្នុងលទ្ធផល ៤-២។
ក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតគឺអាល្លឺម៉ង់ប៉ះសហរដ្ឋអាមេរិក។ អាឡឺម៉ង់បានព្យាយាមយកឈ្នះក្រុមការពារតំណែងជើងឯកកាណាដា ៤-២ ដោយការស៊ុតបាល់ប៉េណាល់ទី កាត់សេចក្តី បន្ទាប់ពីភាគីទាំងសងខាងបានប្រកួតគ្នាដោយមិនមានគ្រាប់បាល់បញ្ចូលទី ០ទល់០ ក្នុងម៉ោងធម្មតា និងម៉ោងបន្ថែម។ អ្នកចាំទីអាឡឺម៉ង់ Ann-Katrin Berger បានរារាំងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីសង្គ្រោះបាន២គ្រាប់ពីការស៊ុតរបស់កីឡាការិនីកាណាដា។
រីឯអាមេរិកបានយកឈ្នះជប៉ុន ១-០ ដោយសារតែគ្រាប់បាល់ចុងម៉ោងរបស់កីឡាការិនី Trinity Rodman។ ជប៉ុនគ្រប់គ្រងការការពារបានយ៉ាងល្អរហូតដល់ចប់តង់ទី១ រហូតដល់ពេលដែល Rodman រកបានគ្រាប់បាល់ដ៏គួរឲ្យភ្ញាក់ផ្អើលនៅចុងតង់។ ខ្សែប្រយុទ្ធរូបនេះស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Crystal Dunn នៅតំបន់ខាងស្តាំ។
ដោយសារសហរដ្ឋអាមេរិកបានយកឈ្នះអាឡឺម៉ង់ ៤-១ ក្នុងវគ្គចែកពូល ពួកគេត្រូវបានគេរំពឹងថា នឹងជួបគ្នាម្តងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ (រូបភាព ៖ BBC Sport/Olympics2024)