ភ្នំពេញ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលអតីតជានាយកនិងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរងរាជធានីភ្នំពេញជាផ្លូវការហើយ ជំនួសលោក មាន ចាន់យ៉ាដា ដែលទៅកាន់ជាអភិបាលខេត្ដឧត្ដរមានជ័យ និងលោកនួន ផារ័ត្ន ជាអភិបាលខេត្ដកំពង់ធំ ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ រចនាសម្ព័ន្ធអង្គការលេខនៃសាលារាជធានីភ្នំពេញ គឺមានទីចាត់ការ-អង្គភាព និងថ្នាក់ប្រហាក់ប្រហែលចំនួន១៣, ការិយាល័យប្រជាពលរដ្ឋចំនួន ១ និងមានការិយាល័យចំណុះចំនួន ២៣ ការិយាល័យ ដែលមានមន្ត្រី-បុគ្គលិកកំពុងបម្រើការងារសរុបចំនួន ១.៣៣១ នាក់ (នារី ៣៥១ នាក់) ក្នុងនោះ មន្ត្រីក្របខ័ណ្ឌ “ក” ចំនួន ១៧៦ នាក់, ក្របខ័ណ្ឌ “ខ” ចំនួន ៥៧ នាក់, ក្របខ័ណ្ឌ “គ” ចំនួន ៤៤ នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន១០៥៤នាក់។
លោកឃួង ស្រេង បានបន្តថា៖ ក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌសរុបបានចំនួន ២៣១ ករណី ស្មើនឹង ៩២,៧៧% នៃចំនួនបទល្មើសរួម ក្នុងនោះ បង្ក្រាបជាក់ស្តែង ២១២ ករណី ឃាត់ខ្លួន ៣០៣ នាក់ និងបង្ក្រាបដោយស៊ើបអង្កេត១៩ករណី ឃាត់ខ្លួន៤៩ នាក់ ព្រមទាំងបានបង្ក្រាប បទល្មើសល្បែងស៊ីសងចំនួន ៣៣ ករណី ឃាត់ខ្លួន ១៨៨ នាក់ និងបានបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើង-ជនទំនើង ចំនួន ៤១១ ករណី ឃាត់ខ្លួន ៩១៧ នាក់។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងខិតខំស្ការ កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាស ជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនេះ រាជធានីភ្នំពេញបាននិងកំពុងប្រែប្រួលមុខមាត់ថ្មីប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានរបស់ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ បានក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត។
លោកអភិបាលរាជធានីបានបន្តទៀតថា៖ ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈសម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃនិងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំងលោក សេង វណ្ណៈ នាយករដ្ឋបាល និងលោក ឆាយ វីរៈ នាយករងរដ្ឋបាល ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកមាន ចាន់យ៉ាដា និងលោក នួន ផារ័ត្ន ដែលត្រូវបានតែងតាំងមុខតំណែងថ្មីជាអភិបាលខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។
លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើអោយលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលនឹងត្រូវទទួលភារកិច្ចថ្មីត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសត្រូវចូលរួមសហការ អនុវត្តការងារដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជម្នះគ្រប់ភារកិច្ច។
លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងឱកាសនោះក៏បានធ្វើការផ្តាំផ្ញើអោយលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលត្រូវតែងតាំងជាអភិបាលរងរាជធានី ក៏ដូចជារដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចម្រើនបន្ថែមទៀត បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បន្តការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។ ដាក់ចេញជាវិធានការលុបបំបាត់ចំពោះការប៉ុនប៉ង ធ្វើអោយអសន្តិសុខនៅក្នុងសង្គម លុបបំបាត់គ្រឿងញៀន ទប់ស្កាត់អោយបានការជួយញដូរមនុស្សគ្រប់ទម្រង់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនឹងការចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអោយបាននូវគ្រោះថ្នាក់ចរាចរណ៍ ៕ ដោយ សំរិត