លោក Yahya Sinwar ក្លាយជាមេដឹកនាំនយោបាយថ្មីរបស់ក្រុមហាម៉ាស់

ចែករំលែក៖

សារព័ត៌មាន AFP បានឱ្យដឹងថា ក្រុមហាម៉ាស់ កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួនជំនួសលោក Ismail Haniyeh ដែល ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីសប្ដាហ៍មុន។

ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើងចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែលជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាស់បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាហ៍វិញក៏បានប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។
មន្ត្រីជាន់ខ្ពស់ហាម៉ាស់ម្នាក់ បានប្រាប់ AFP ថា ការតែងតាំងលោក Sinwar ជាមេដឹកនាំនយោបាយថ្មី គឺជាការបញ្ជូនសារមួយថាក្រុមហាម៉ាស់នឹងបន្តការប្រយុទ្ធតស៊ូរបស់ខ្លួន ស្របពេលក្រុមហេសបូឡាហ៍ បានអបអរសាទរលោក Sinwar ហើយនិយាយថាការតែងតាំងរូបលោកបានបញ្ជាក់ថា សត្រូវ (អ៉ីស្រាអែល)…បានបរាជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេតាមរយៈការសម្លាប់មេដឹកនាំ និងមន្ត្រីរបស់ហាម៉ាស់។ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បានព្រមានថាការតែងតាំងលោក Sinwar បានផ្ដល់ហេតុផលកាន់តែច្បាស់ពីភាពចាំបាច់តាមសម្លាប់លោក Sinwar ឱ្យបានឆាប់ និងកម្ទេចក្រុមហាម៉ាស់ឱ្យរលាយបាត់ពីផែនដី។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា វាគឺអាស្រ័យលើលោក Sinwar ដើម្បីជួយសម្រេចឱ្យបាននូវបទឈប់បាញ់ ដ្បិតរូបលោកជាអ្នកសម្រេចចិត្តធំបំផុតរបស់ហាម៉ាស់។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿថា លោក Sinwar មានការស្ទាក់ស្ទើរខ្លាំងជាងលោក Haniyeh ទៅទៀត ពាក់ព័ន្ធនឹងការទទួលយកបទឈប់បាញ់ជាមួយអ៉ីស្រាអែល។
លោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលចោទថាជាមេគំនិតនៅពីក្រោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល។ លោក Sinwar បានក្លាយជាមេដឹកនាំក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១៧មក ហើយបន្ទាប់ពីការវាយប្រហារលើអ៉ីស្រាអែល លោកមិនដែលបង្ហាញខ្លួននោះទេ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print