ភ្នំពេញ ៖ នៅសាលប្រជុំនៃ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នាព្រឹកថ្ងៃពុធ ៣កើត ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម អនុប្រធាន គណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប និង ជាប្រធានអាជ្ញាធរទន្លេសាប អមដោយ លោករដ្ឋលេខាធិការប្រចាំការ លោក ជាថ្នាក់ដឹកនាំ ក្រសួង លោក អនុប្រធាន និង អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំ អន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារ ចុះបញ្ជី ដីនៅតំបន់ជុំវិញបឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
សូមជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ ក្នុងខេត្តចំនួន៦ មានខេត្ត កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ត្រូវបានបែងចែកជាបីគឺ៖ តំបន់១ តំបន់២ និង តំបន់៣។ ក្នុងនោះតំបន់១ ជាតំបន់លំនៅដ្ឋាន និង ស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ និងអាចលិចទឹកប ន្តិចបន្តួចនៅរដូវវស្សា។ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក ហើយ តំបន់នេះ អាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៣ ទៅ ៤ ម៉ែត្រ។ ចំណែក តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែល អាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ ម៉ែត្រ៕