ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំឡើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គិតមកដល់បច្ចុប្បន្ននៅរាជ ធានីភ្នំពេញមានភ្លើងស្តុបចំនួន២០០ទីតាំងហើយ ភ្លើងស្តុបទាំងនេះបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៤រដ្ឋបាលរាជធានីភ្នំពេញបានដំឡើងបង្គោល និងបំពាក់ភ្លើងស្តុបថ្មីចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៏ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ០៧ ខែសីហា ២០២៤នេះថា៖ មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន១៩៦ទីតាំងបាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋ ។ សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ដ្រីជំនាញ នៃមន្ទីរសាធារណៈការ បន្ដដំឡើងភ្លើងស្តុបចំនួន ១២ទីតាំងបន្ថែមទៀតរួមមាន៖ ១.ភ្លើងស្តុបគោករកា,ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ។ ២.ភ្លើងស្តុប វត្តភ្នៀត ផ្លូវចូលវត្តភ្នៀត មហាវិថីឈ្នះឈ្នះតំបន់ទំនប់កប់ស្រូវ។ ៣.ភ្លើងស្តុបសាលាសង្កាត់ក្រាំងធ្នង់ ផ្លូវលេខ១៨៦២ ប្រសព្វនិងផ្លូវលេខ១០៥K។ ៤.ភ្លើងស្តុប ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ប្រសព្វនិងផ្លូវលេខ១៣០។ ៥.ភ្លើងស្តុប វាល ស្បូវ ផ្លូវជាតិលេខ១ ប្រសព្វនិង ផ្លូវចូលបុរីភូមិវាលស្បូវ។ ៦.ភ្លើងស្ដុប ចំការព្រីង ផ្លូវលេខ១៨៦២ ប្រសព្វនិង ផ្លូវលេខ២០១១។ ៧ ភ្លើងស្តុប សន្តិភាព២(ទូលកី) ផ្លូវជាតិលេខ ៣ ប្រសព្វនិង ផ្លូវបុរីសន្តិភាព២។ ៨ ភ្លើងស្តុបកោះនរាប៉េងហួត ផ្លូវចូលស្ពានកោះនរាប្រសព្វនិងផ្លូវជាតិលេខ១។ ៩. ភ្លើងស្ដុបសង្គមកិច្ច ផ្លូវលេខ៩៣(ព្រះមុនីវង្ស) ប្រសព្វនិងផ្លូវ លេខ៤៦៦(ញឹកជូឡុង)។១០. ភ្លើងស្តុបផ្លូវដែកទំនប់៧០ផ្លូវទំនប់លេខ៧០ ប្រសព្វនិងផ្លូវដែកបឹងកក់(R8 )។ ១១ ភ្លើងស្តុប បុរីកោះនរាA ផ្លូវស្ពានកោះនរា ប្រសព្វនិង ផ្លូវបុរីកោះនរា Aនិង ទី១២ ភ្លើងស្តុប បុរីកោះនរាB ផ្លូវស្ពានកោះនរាប្រសព្វនិងផ្លូវបុរីកោះនរាB ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងខ្ពស់ជាងមុនក្នុងការធ្វើចរាចរណ៌ជាពិសេសការពាក់មួកសុវត្ថិភាព និងការគោរពភ្លើងស្តុប និងស្លាកសញ្ញាចរាចរជាដើម ។
លោក សាំ ពិសិដ្ឋ បានអំពាវនាវដល់បងប្អូនប្រជាជរដ្ឋសូមអោយចូលរួមគោរពភ្លើងសញ្ញា ភ្លើងស្តុប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៏អោយបានគ្រប់ៗគ្នា ។
ជាមួយគ្នានេះដែរលោក ជា សុវណ្ណ ប្រធានការិយា ល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖មកដល់ពេលនេះរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន ១៩៦ទីតាំង ក្នុងនោះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការជួយឧបត្ថម្ភដោយអង្គការចៃកា ក៏មានការចូលរួមពីវិស័យឯកជនខ្លះដូចជាខាងកោះពេជ្រ និងបុរីធំៗមួយចំនួនខ្លះផងដែរ ៕ ដោយ៖ សំរិត