រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ទីក្រុងវៀងចន្ទន៍សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (Retreat of the 16th ASEAN Health Ministers Meeting, AHMM) នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ានទាំង១០ និងទីម័រឡេស្តេ ក្រោមមូលបទ «បរិវត្តកម្មភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី៖ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាតនៃជំងឺ ដើម្បីលើកកម្ពស់ភាពធន់ក្នុងតំបន់»។

កិច្ចប្រជុំធ្វើឡើងក្រោមប្រធានបទ៖ ចក្ខុវិស័យ និងការរៀបចំអាទិភាពសុខាភិបាលសម្រាប់អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃអន្តរាគមន៍ជាយុទ្ធសាស្រ្ត និងវឌ្ឍនភាព ដើម្បីកំណត់ទស្សនៈវិស័យ អាទិភាពសុខភាព កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ រក្សាសុខភាព និងសុខុមាលភាពប្រជាជាតិសហគមន៍អាស៊ាន។

រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបានធ្វើអន្តរាគមន៍ ចែករំលែកទស្សនៈនិងការផ្លាស់ប្តូរផ្សេងទៀតលើប្រធានបទខាងលើ សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រសហគមន៍ប្រជាជាតិអាស៊ានក្រោយឆ្នាំ២០២៥ លើវិស័យសុខាភិបាល រួមទាំងអាទិភាពសុខភាពនាពេលអនាគត ពង្រឹងកម្មវិធី សកម្មភាពការងារ និងយន្តការដឹកនាំ វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដោយគ្មានជម្លោះផលប្រយោជន៍។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូនជាទស្សនទានអំពីបញ្ហាប្រឈមចម្បងៗនៃថ្នាក់តំបន់អំពីសុខភាពជារួម ពិសេសអំពីជំងឺឆ្លង ក៏ដូចជាជំងឺមិនឆ្លង ដែលបាន និងបន្តកើតឡើងថែមទៀត ដែលតម្រូវឱ្យសហគមន៍អាស៊ានត្រូវតែត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ និងមាំទាំបំផុតឱ្យបានឆាប់រហ័ស តាមរយៈយន្តការសុវត្តិភាពផ្សេងៗ ដែលជាដំណោះស្រាយកម្រិតតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print