ភ្នំពេញ៖ សូមកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ពេលចុះបំពេញការងារការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ចុះពង្រឹងច្បាប់ចរាចរណ៍ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ទន់ភ្លន់ ម៉ឺងម៉ាត់ តែមិនទន់ជ្រាយ ។
ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយជាអង្ករនិងថវិកាដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីវេលាម៉ោង១១ៈ២០នាទី ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានដាស់តឿនក្រើនរំលឹកដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ ជាពិសេសពេលចុះបំពេញការងាររៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៏ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។
ថ្លែងទៅកាន់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានក្រើនរំលឹកអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តអោយបាននូវវិធានទាំង៣៖ ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន , ទី៣-កុំឈ្លោះទាស់ទែងគ្នា ត្រូវរក្សាឱ្យបានអោយសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់អនុវត្ត អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ មួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយរួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាននូវសេចក្តីថ្លៃថ្នូរកុំប្រើអាកប្បកិរិយាច្រងេងច្រងាង ឬពាក្យសម្តីមិនសមរម្យទៅលើប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទកុំអោយមាននៅក្នុងមូលដ្ឋានខណ្ឌ ។
ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលក៏បានថ្លែងកោតសរសើរដល់កងកម្លាំងសណ្តាប់ខណ្ឌដែលកន្លងមកបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ និងសូមអោយបន្តការងារអោយបានល្អប្រសើរថែមទៀត ដើម្បីរួមចំណែកក្នុងការបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ៕
សណ្តោស