ជប៉ុនរងគ្រោះរញ្ជួយដី២លើកផ្ទួនគ្នា កម្រិត៦.៩រ៉ិចទ័រ និង៧.១រ៉ិចទ័រ ក្បែរឆ្នេរភាគខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា យោងតាមការតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីធំៗចំនួន២ផ្ទួនៗគ្នា បានវាយប្រហារក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេសជប៉ុន។

USGS បានបន្តថា គ្រោះរញ្ជួយដីលើកទី១ កម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ ខណៈគ្រោះរញ្ជួយដីលើកទី២ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគ្នា មានជម្រៅ២៥គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា តំបន់ឆ្នេរសមុទ្រមួយចំនួន នៃកោះ Kyushu និង Shikoku អាចឬបានប្រឈមនឹងរលកស៊ូណាមិ កម្ពស់ប្រហែលត្រឹម១ម៉ែត្រ។ ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយស្តីពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតដែលបង្កឡើងដោយគ្រោះរញ្ជួយដីទាំង២ នៅឡើយទេ។
ជប៉ុនជាប្រទេសមានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ដែលងាយរងគ្រោះដោយសាររញ្ជួយដីញឹកញាប់។ ទោះជាយ៉ាងនេះក្តី ការរញ្ជួយដីភាគច្រើន មានកម្រិតស្រាលទៅមធ្យមប៉ុណ្ណោះ ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញដែលពួកវាអាចបង្កឡើង គឺអាស្រ័យទៅលើទីតាំងនិងជម្រៅដែលគ្រោះរញ្ជួយដីទាំងនោះ កើតឡើង។
នៅប្រទេសជប៉ុន ទោះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ក៏ដោយ ក៏ការខូចខាតជាទូទៅមានទំហំតូច ដោយសារតែបច្ចេកទេសសំណង់ពិសេស បូករួមគោលការណ៍សុវត្ថិភាពអគារតឹងរ៉ឹង នៅក្នុងប្រទេសប្រជុំកោះអាស៉ីបូព៌ាមួយនេះ។ យ៉ាងណាមិញ វានៅតែមិនអាចចៀសវាងការបំផ្លិចបំផ្លាញធ្ងន់ធ្ងររហូតទាំងស្រុងឡើយ។ តួយ៉ាង កាលពីពេលឆ្លងឆ្នាំសកលកន្លងទៅ មនុស្សយ៉ាងហោច២៦០នាក់បានបាត់បង់ជីវិត ក្រោយមានការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ធំមួយនៅជប៉ុន៕ ដោយធីរីណា

...

រូបថត​:kyodo news

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print