ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ នៅកម្ពុជា បានជំរុញឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ដោយសារឆ្នាំ២០២៣កន្លងទៅ អត្រាអ្នកឆ្លងមេរោគអេដស៍ថ្មី មានការកើនឡើងចំនួន ១២០០នាក់ និង អ្នកផ្ទុកមេរោគអេដស៍ ចំនួន៧៦ ០០០នាក់ ក្នុងនោះមានអ្នកទៅព្យាបាលមានប្រមាណ ៦៨ ០០០នាក់ និងអ្នកមិនបានទៅធ្វើតេស្តប្រមាណ ៨០០០នាក់។ នេះគឺជាការថ្លែងក្នុងសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្ដីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅ នឹងមេរោគអេដស៍ និង ជំងឺអេដស៍នៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៨ សីហា ២០២៤ ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា «ដូច្នេះយើងត្រូវចូលរួមឱ្យ បានកាន់តែសកម្មទាំងអស់គ្នាជាពិសេសអ្នកសារព័ត៌មានក្នុង ការផ្សព្វផ្សាយជំរុញឱ្យមានការយល់ដឹងពីហានិភ័យនៃ មេរោគអេដស៍ និងឱ្យអ្នកសង្ស័យមកធ្វើតេស្តឱ្យបានច្រើន ដើម្បីសម្រេចគោលដៅ៩៥ ទី១»។ ក្នុងនោះក៏ត្រូវលើកទឹកចិត្ត ឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍ និងផ្សព្វផ្សាយពី រឿងរ៉ាវជោគជ័យ នៃគ្រួសារដែលរងគ្រោះដោយសារ មេរោគអេដស៍ព្រមទាំងចូលរួមលុបបំបាត់ការមាក់ងាយនិង រើសអើងលើគ្រប់ទម្រង់ភេទអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)បាន មានប្រសាសន៍ថា ចាប់តាំងពីដើមទសវត្សរ៍ទី៩០ នៅពេលដែលការរីករាលដាលនៃមេរោគអេដស៍ /ជំងឺអេដស៍ បានចាប់ផ្តើមក្នុងប្រទេសកម្ពុជា ការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុង ការពង្រីកលទ្ធភាពទទួលបានការព្យាបាលមេរោគអេដស៍ និង ជំងឺអេដស៍សព្វថ្ងៃនេះជាង៩០% នៃអ្នកផ្ទុកមេរោគអេដស៍ កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍។ ប៉ុន្តែ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីជាពិសេស ក្នុងចំណោមយុវជន វ័យក្មេងនិងការស្លាប់ ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និង ចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ ការរើសអើងនិងការ មាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និង ក្រុមប្រឈមនៅតែមានបន្តជាឧបសគ្គចម្បង សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍។
លោកវេជ្ជបណ្ឌិត បានបន្ត ថា «ដូចនេះប្រព័ន្ធ ផ្សព្វផ្សាយបានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួម បេសកកម្ម ដើម្បី បញ្ចប់ ជំងឺ អេដស៍ នៅ ឆ្នាំ ២០៣០ ជាមួយ រាជរដ្ឋាភិបាល ដូចជាការផ្សព្វផ្សាយរឿងរ៉ាវជោគជ័យ និងបញ្ហាផ្សេងៗ ទៀត ដែលប្រឆាំង នឹងការមាក់ងាយនិងការរើសអើងចំពោះ ប្រជាជនដែលរងគ្រោះ និង អ្នករស់នៅជាមួយមេរោគ អេដស៍ និងជំងឺអេដស៍»។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែល បាន និងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពី លទ្ធភាព នៃការបង់ប្រាក់ដល់ អតិថិជនជាង ២លាននាក់ ក្នុង ៤៧ ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក ឡាទីន ការាបៀន តំបន់ អាស៊ី ប៉ាស៊ីហ្វិក និង អឺរ៉ុប។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានថ្លែងអំណរគុណអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានយកចិត្តទុកដាក់រៀបចំសិក្ខាសាលានេះ ដោយបានអញ្ជើញ លោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការ និងប្រធាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានសំខាន់ៗ ពីស្ថាប័នប្រមាណ ១៥ ស្ថាប័នផងដែរ។ គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន បាននិងកំពុងចូលរួមផ្សព្វផ្សាយការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យដល់សាធារណជនបានជ្រួតជ្រាបយ៉ាងសកម្ម និងឆាប់រហ័ស។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមពីអ្នកសារព័ត៌មានទាំងអស់នៅពេលនេះ ក៏ជាសក្ខីភាពក្នុងវឌ្ឍភាព នៃការចូលរួមពីបណ្តាញព័ត៌មាននៅក្នុងសម័យឌីជីថលដែលជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគអេដស៍៕ដោយ ៖ ភារ៉ា ដង្កោ