លោក ហ៊ុយ វណ្ណៈ ទទួល «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមសារព័ត៌មានអាស៊ាន មកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖  លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលទី៨ ខែសីហា ឆ្នាំ២០២៤ បានទទួលការប្រគល់ជូននូវ «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំប្រទេសថៃ។ ការប្រគល់ពានកិត្តិយសនេះ ធ្វើឡើងក្នុងពេល ដែល សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្ពោធផ្សាយ សៀវភៅ ស។

សមាគមសារព័ត៌មាន មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានសម្រេចប្រគល់ «ពានកិត្តិយសស្នាដៃឆ្នើម» ជូន លោក ហ៊ុយ វណ្ណៈ ដោយសារសមាគមមើលឃើញពីការលះបង់និងការប្រឹងប្រែងឥតឈប់ឈររបស់ លោក ហ៊ុយ វណ្ណៈ ជាពិសេសគឺការខិតខំដឹកនាំការងារចងក្រង សៀវភៅ ស ស្តីពីមូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈ ដែលសម្ពោធផ្សាយជាផ្លូវការនៅពេលនេះ។ «ពានកិត្តិយសស្នាដៃឆ្នើម» ប្រគល់ដោយតំណាងសមាគមសារព័ត៌មានថៃ ដែលមានលោក JEERAWAT PRASERT និងកញ្ញា KETSARAPORN MANEECHOT ។

ពានកិត្តិយសស្នាដៃឆ្នើម មានខ្លឹមសារថា៖ «លោក ហ៊ុយ វណ្ណៈ គឺជាឥស្សរជនឈានមុខគេក្នុងការជួយសង្គមនិងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់អាស៊ាន ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន តាមរយៈការផ្តួចផ្តើមចងក្រង សៀវភៅ ស ដែលអាចចាត់ទុកថាជាកម្រងឯកសាររស់ ដែលមានតម្លៃសម្រាប់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន សិស្ស និស្សិត និងសាធារណជនទូទៅផងដែរ»។

លោក សេង រាជសី ប្រធានប្រតិបត្តិសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លោក ហ៊ុយ វណ្ណៈ គឺជាបុគ្គលទី១ ដែលទទួលបានពានកិត្តិយសស្នាដៃឆ្នើម ពីសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំប្រទេសថៃ ក្រោយសមាគមនេះបានបើកដំណើរការរយៈពេល ៣ឆ្នាំមកនេះ។

លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា «តម្លៃដែលថ្លៃបំផុតលើសពី ពានកិត្តិយសនេះ គឺ «ទឹកចិត្ត» ដែលមិត្តថៃ បានខំចំណាយពេលវេលានិងកម្លាំងកាយពីធ្វើដំណើរពី ទីក្រុងបាងកក មកលើកទឹកចិត្តផ្ទាល់នៅ ទីក្រុងភ្នំពេញ។ ខ្ញុំសូមអរគុណ និងសូមចែករំលែកការលើកទឹកចិត្តនេះ ដល់សហការីដែលរួមដំណើរជាមួយគ្នារយៈពេល៨ឆ្នាំ និងលើសពីនេះក្នុងការងារស្ម័គ្រចិត្តនៅ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា»៕

ដោយ ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print