អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៨ ខែសីហាតាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានកោះធ្វើកិច្ចប្រជុំអំពីការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខសកលដែលបង្កឡើងដោយ”រដ្ឋអ៊ីស្លាម”ជាអង្គការជ្រុលនិយម។
គេហទំព័រ «CCFR China state-controlled media » តំណាងចិនបានលើកឡើងថា ប្រឈមមុខនឹងស្ថានភាពប្រយុទ្ធប្រឆាំងភេរវកម្មដ៏ស្មុគ្រស្មាញនិងតានតឹង បណ្តាប្រទេសនានាគួរបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់និងសកល ដើម្បីពួតដៃគ្នាឆ្លើយតបនឹងរឿងនេះ។
អគ្គលេខាធិការងនៃការិយាល័យប្រយុទ្ធប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិបានលើកឡើងថា បច្ចុប្បន្ន សាខា”រដ្ឋអ៊ីស្លាម” បន្តវាតទីទៅតំបន់ Sahel នៃទ្វីបអាហ្វ្រិកជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសយ៉ាងច្រើន និងបំផ្លិចបំផ្លាញស្ថិរភាពក្នុងតំបន់។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា បណ្តាប្រទេសនានាគួរប្រមូលផ្តុំគំនិតឯកភាពរួមជាអន្តរជាតិ ដើម្បីបង្កើតជាកម្លាំងរួម។ ការពិតបានបង្ហាញជាច្រើនលើកថា បើគ្រាន់តែពឹងផ្អែកលើមធ្យោបាយយោធាមួយគត់មិនអាចលុបបំបាត់ភេរវនិយមឱ្យជ្រះស្រឡះបានទេ មានតែការបង្កើតទស្សនៈជាប្រព័ន្ធ មានចក្ខុវិស័យវែងឆ្ងាយនិងផ្តោតលើប្រភពដើម ហើយចាត់វិធានការចម្រុះខាងសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌និងសាសនាជាដើម ទើបអាចលុបបំបាត់ជម្រកភេរវនិយម ដើម្បីទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវនិយមនៅទីបំផុត៕