ភ្នំពេញ ៖ ស្រ្តីម្នាក់បានឈឺពោះសម្រាលកូន ខណៈមេឃភ្លៀងកំពុងធ្លាក់ខ្លាំងហើយ
ប្តីបានពឹងអ្នកស្គាល់គ្នាឲ្យជួយដឹកទៅមន្ទីរពេទ្យ ។ ប៉ុន្តែពេលធ្វើដំណើរទើបបានជាងពាក់កណ្ដាលផ្លូវ ស្រាប់តែប្រពន្ធសម្រាលកូនលើម៉ូតូកង់បីនៅលើ ស្ពានបេឡេត៍ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ។
ស្ត្រីដែលសម្រាលកូនតាមផ្លូវនេះឈ្មោះ ចំរើន ចិន្ដា អាយុជាង៣០ ឆ្នាំ ប្តីឈ្មោះ ម៉ន កំសត់ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមបុរសជាប្តីនិយាយថា ដោយសារជីវភាពខ្វះខាត គាត់មិនសូវបាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះឡើយ តែ បានដឹងថាទើបតែគ្រប់ខែ និងនៅសល់ប្រមាណ កន្លះ ខែទៀត ទើបត្រូវសម្រាលកូន ។ ខណៈឈឺពោះនេះ ប្រពន្ធគាត់ក៏មិនដឹងថាគ្រប់ខែ ដល់ថ្ងៃសម្រាលកូន ដែរ គឺនឹកស្មានថា ឈឺពោះធម្មតា ហើយគាត់ក៏បាន ពឹងអ្នកស្គាល់គ្នា ឱ្យជួយដឹកតាមម៉ូតូកង់បីទៅ មន្ទីរពេទ្យបង្អែកនៅជ្រោយចង្វារ។ ប៉ុន្តែនៅពេលធ្វើ ដំណើរដល់កណ្ដាលស្ពានបេឡេត៍ ស្រាប់តែប្រពន្ធ គាត់សម្រាលកូននៅលើម៉ូតូកង់បីតែម្តង ។ នៅពេល ប្រពន្ធឆ្លងទន្លេនេះ គាត់មានលុយតែ៨ម៉ឺនរៀល ប៉ុណ្ណោះ គឺ គ្មានលុយសម្រាប់ចំណាយពេល សម្រាលកូននោះទេ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈសម្រាលកូននៅ លើម៉ូតូកង់បីនោះ មានបងប្អូនអ្នកលក់ដូរ ខ្ចៅ ខ្យងមានឆត្រ បានយកឆត្រមកជួយបិទបាំងឱ្យដែរ ។ បន្ទាប់មកមានបុរសម្នាក់ជាប្រជាការពារសង្កាត់ ឫស្សីកែវ បានជួយដឹកទៅមន្ទីរពេទ្យបង្អែកម្តេចឪ សម្តេចម៉ែ នៅសង្កាត់ឫស្សី
កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕