សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ិចស៉ិកូ បានបដិសេធសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែនឱ្យចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះប្រឆាំងនឹងដីកាតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយមកចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោត។
អ៊ុយក្រែន បានស្នើឱ្យម៉ិចស៉ិកចាប់ខ្លួន លោក ពូទីន ប្រសិនបើលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត លោកស្រី Claudia Sheinbaum នៅថ្ងៃទី១ ខែតុលា។ តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតម៉ិចស៉ិកប្រចាំនៅអ៊ុយក្រែន ចុះថ្ងៃទី៧ ខែសីហា សំណើនេះចង្អុលបង្ហាញទៅដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ទោះយ៉ាងនេះក្តី ប្រធានាធិបតីចាំផ្ទះ លោក Andres Manuel Lopez Obrador បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទប្រចាំថ្ងៃរបស់រដ្ឋាភិបាលថា «យើងមិនអាចធ្វើដូច្នោះបានទេ។ វាមិនមែនអាស្រ័យលើយើងទេ»។
កាលពីឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក ពូទីន ដោយចោទប្រកាន់រូបលោកពីការបញ្ជូនកុមារចេញពីអ៊ុយក្រែនដោយខុសច្បាប់ ក្រោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង។ រុស្ស៉ី មិនមែនជាសមាជិក ICC តែម៉ិចស៉ិកគឺជាសមាជិក ហើយមិនទាន់មានការបញ្ជាក់ទេថាតើលោក ពូទីន នឹងមកចូលរួមក្នុងពិធីនេះដោយខ្លួនឯង ឬបញ្ជូនមន្រ្តីជាន់ខ្ពស់ណាម្នាក់ឱ្យតំណាងរូបលោក៕ ដោយធីរីណា
រូបថត: Getty