ឃាត់ខ្លួនបុគ្គលឈ្មោះ សាន អឿន បញ្ជូនទៅកាន់តុលាការ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ច្រាន ចោល ការផ្សាយព័ត៌មានមិនពិតរបស់បណ្តាញសង្គមមួយចំនួន ករណីឃាត់ខ្លួនជនត្រូវចោទឈ្មោះ សាន អឿន និងបក្ខពួក។ បើតាមសេចក្តីថ្លែងការណ៍ថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺមិនពាក់ព័ន្ធនឹងការមិនចូលរួម គាំទ្រព្រែកជីកហ្វូណនតេជោនោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់តៗគ្នាថា “បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូត ដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ”។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ឈ្មោះ សាន អឿន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ សាន អឿន ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២២៣ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ របស់ ចៅក្រមស៊ើបសួរ។ ចំពោះការលើកឡើងរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់ឈ្មោះ សាន អឿន ថា “បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ ” និងការបង្ហោះ របស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការអនុវត្តច្បាប់នៅក្នុងសំណុំរឿងនេះ។ ដូចនេះ គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបន្តទៀត។

អ្នកនាំពាក្យនៃអយ្យការបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកា បង្គាប់ ឱ្យនាំខ្លួនក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិ សុខសង្គម មិនជាប់ពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីក ហ្វូណន តេជោនោះទេ ។

បច្ចុប្បន្នជនត្រូវចោទ ឈ្មោះ សានអឿន ត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print