ភ្នំពេញ៖ តារាសម្តែង អ៊ុន អាលីហ្សា ត្រូវបានដកតំណែងតួឯកខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង ”ហង្សបាក់ស្លាប” ភ្លាមៗនេះគឺក្រោយពីតារាស្រីរូបនេះមិនមានពេលគ្រប់គ្រាន់ដើម្បីសម្តែង។ នាងត្រូវបានជំនួសដោយតារាសម្តែងស្រីសម្តីបានកញ្ញា ដួង ម៉ានិច វិញ។
កាលពីចុងខែមិថុនាកន្លងទៅនេះខ្សែភាពយន្តរឿង ”ហង្សបាក់ស្លាប” ដែលផលិតដោយក្រុមផលិតករថៃបានប្រកាសចេញផលិតខ្សែភាពយន្តភាគដោយតំណែងតួឯកស្រីបានទៅលើកញ្ញា អ៊ុន អាលីហ្សា ហើយនាង នឹងប៉ះជាមួយតួឯកប្រុសលោក យិត មាសឧស្សាហ៍។ ប៉ុន្តែដំណឹងចុងក្រោយដែលទទួលបានគឺតំណែងតារាស្រីវ័យ២៩ឆ្នាំរូបនេះត្រូវបានផ្លាស់ប្តូរបន្ទាន់ ព្រោះតែនាងមិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែងដែលត្រូវចំណាយពេលជាច្រើនខែ ។ ប្រភពពីតារាសម្តែងម្នាក់លើកឡើងថា មិនមានទំនាស់ណាមួយពីការដកតំណែងតួឯកស្រីនេះទេ ព្រោះតែនាងទើបនឹងទទួលបានលទ្ធផលចេញទៅសម្តែងនៅប្រទេសកាណាណានៅ២ខែទៀតខណៈដែលការសម្តែងត្រូវចំណាយពេលច្រើនជាង២ខែ។
តារាសម្តែង ដួង ម៉ានិចបញ្ជាក់ថា បើទោះបីជាត្រូវជំនួសតំណែង អ៊ុន អាលីហ្សាមែន ប៉ុន្តែវាមិនមានជាតំណែងដោយចៃដន្យឡើយពោលគឺនាងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលមុនពេលជាប់។ តារាស្រីរូបនេះបញ្ជាក់ដែរថា ខ្សែភាពយន្តខាងលើត្រូវបានចេញផលិតបានប្រមាណជិតមួយខែមកហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នាងបញ្ជាក់ថា ផលិតករបានជ្រើសរើសយកនាងព្រោះតែសមត្ថភាពសម្តែង ដែលនាងអាចលេងបានគ្រប់អត្តចរិកពិសេសឈុតឆាកកាច់កុង ឆ្នាសឆ្នើម និងលេងខ្លួនបែបស៊ីវីល័យដែលខ្សែភាពយន្តបានតម្រូវ។ នាងបន្តទៀតថា ក្រៅពីផលិតករភាពយន្តខាងលើក៏មានអ្នកដឹកនាំសម្តែងនៅប្រទេសថៃក៏បាននឹងកំពុងទំនាក់ទំនងនាងដើម្បីថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មមួយផងដែរ។ នាងបន្តថា ចុងក្រោយនេះនាងទទួលបានតំណែងតួឯក៣រឿងស្របគ្នាដែលភាគច្រើនជាខ្សែភាពយន្តភាគដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពិសេសរឿង ”ហង្សបាក់ស្លាប” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងរឿង ”ផ្កាបួនទង” របស់ទូរទស្សន៍CTN។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តភាគថ្មីរឿង “ហង្សបាក់ស្លាប” នឹងត្រូវចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដួងដូចជា លោក យិត មាសឧស្សាហ៍ កញ្ញា ទឹម រដ្ឋា លោក សេង រតនៈ កញ្ញា លីហ្សា កញ្ញា ម៉ានីកា កញ្ញា ណាម៉ុច កញ្ញា នីតា វរៈវង្ស លោក ហេង តារា កញ្ញា សយ រចនា លោក ជួន វឌ្ឍនៈ កញ្ញា សួង សារ៉ានិត លោក ប៉េង ទី លោក លៀង ឧត្តម ជាដើម៕
ដោយ៖ វឌ្ឍនា