នាថ្ងៃទី 10 ខែសីហា អាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានប្រកាសថាប្រអប់ខ្មៅនៃជើងហោះហើរ Voepass 2283 ដែលបានធ្លាក់នៅទីក្រុង Vinhedo រដ្ឋ Sao Paulo ត្រូវបានរកឃើញ ហើយនឹងត្រូវបញ្ជូនទៅ Brasilia ដើម្បីវិភាគ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី Brasilia នាយកមជ្ឈមណ្ឌលស៊ើបអង្កេត និងបង្ការគ្រោះថ្នាក់អាកាសចរណ៍ (Cenipa) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលជាតិ (ANAC) បាននិយាយថា មិនមានការប្រកាសអាសន្នណាមួយពីអ្នកបើកយន្តហោះក្នុងយន្តហោះធ្លាក់នោះទេ ដោយបានសម្លាប់មនុស្ស 61 នាក់។ មនុស្សក្នុងនោះមានអ្នកដំណើរ ៥៧នាក់ និងនាវិក ៤នាក់។ យន្តហោះបាត់បង់តុល្យភាព ដំាក្បាលធ្លាក់ចុះចូលទៅក្នុងតំបន់លំនៅដ្ឋាន។
ឧត្តមសេនីយទោ Marcelo Moreno នាយក Cenipa បាននិយាយថា ប្រអប់ខ្មៅនៅដដែល ហើយវាលឿនពេកក្នុងការកំណត់មូលហេតុនៃសោកនាដកម្មនេះ។ តំណាងកម្លាំងប៉ូលិសក្រុងសៅប៉ូឡូបានប្រកាសថា គ្មានអ្នកនៅរស់នៅក្នុងឧបទ្ទវហេតុនោះទេ។
វីដេអូដែលបានចែករំលែកនៅលើ CNN បង្ហាញពីយន្តហោះបាត់បង់តុល្យភាព ដោយបានហោះចូលទៅក្នុងតំបន់លំនៅដ្ឋាន ហើយបានផ្ទុះឆេះ។
បើតាមសមត្ថកិច្ច ពុំមាននរណាម្នាក់នៅលើដី រងរបួសនោះទេ។ ទាំងយន្តហោះ និងនាវិកសុទ្ធតែមានអាជ្ញាប័ណ្ណចាំបាច់ និងត្រឹមត្រូវ ព្រមទាំងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ៕
រូបថត: vnexpress