ខេត្តព្រះវិហារ៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខៈ ១២ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ តាមដីកាសន្និដ្ឋានស៊ើបសួរលេខៈ ៣៦០ ដ.ស.ស ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ ទឹម ហ៊ុន ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ (ព្រះសង្ឃ) ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ប្រព្រឹត្តនៅចំណុចវត្ត គិរីកស្សបារាម ហៅវត្តភ្នំកន្ធាយ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។
ក្រោយពីបានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និងសាក្សីរួចមក ចៅក្រមស៊ើប សួរសាលាដំបូងខេត្តព្រះវិហារ បានបង្គាប់ឱ្យជនត្រូវចោទខាងលើចូលខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ តាមដីកាបង្គាប់ឲ្យចូលខ្លួនលេខៈ ២២៣១/២០២៤ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ហើយជនត្រូវចោទឈ្មោះ ទឹម ហ៊ុន បានចូលមកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរតាមកាល បរិច្ឆេទខាងលើ ។
ក្រោយពីបានស្តាប់ចម្លើយជនត្រូវចោទនិងពិភាក្សាដេញដោល ចៅក្រមស៊ើបសួរបានសម្រេចធ្វើ ការឃុំខ្លួនជនត្រូវចោទឈ្មោះ ទឹម ហ៊ុន ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះវិហារ តាមដីកាបង្គាប់ឱ្យ ឃុំខ្លួន លេខៈ ១០០៧/២០២៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ សូមបញ្ជាក់ថា សាលាដំបូងខេត្តព្រះវិហារ និងកំពុងបន្ត ចាត់ការសំណុំរឿងនេះឲ្យបានឆាប់រហ័ស និង ខិតខំយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ដោយ ពឹងផ្អែកទៅលើអង្គហេតុ អង្គច្បាប់និងភស្តុតាងតាមនីតិវិធីច្បាប់៕ដោយ៖តារា