ភ្នំពេញ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា Pig Butchering Scam គឺមកពីពាក្យភាសាចិនហៅថា “shā zhū pán” មានន័យថា “សម្លាប់ជ្រូក”។ ពាក្យ “ជ្រូក” គឺសំដៅលើជនរងគ្រោះ ដែលត្រូវជនសង្ស័យចូលទៅក្បែរ និងព្យាយាមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីអូសទាញឲ្យវិនិយោគលើគម្រោងក្លែងក្លាយ ឆបោកទ្រព្យសម្បត្តិ និងចាប់ជំរិតជាដើម។
ប្រភពដដែលបន្តថា យោងតាមសារព័ត៌មានអន្តរជាតិ ជនរងគ្រោះជាច្រើននាក់នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ត្រូវបានធ្លាក់ចូលក្នុងអន្ទាក់ Pig Butchering Scam ព្រមទាំងខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តបង្កើត គេហទំព័រក្លែងក្លាយ និងកម្មវិធីកុំព្យូទ័របង្កប់មេរោគ បន្ទាប់មករៀបចំគម្រោងឆបោកជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសតាមដំណាក់កាលដូចជា៖
-ដំណាក់កាលទី១ បង្កើតទំនាក់ទំនង៖ ក្រុមឧក្រិដ្ឋជនបានបង្កើតគណនីបណ្តាញសង្គមនានាដោយប្រើប្រាស់រូបភាពក្លែងក្លាយជាច្រើន ដើម្បីបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ។
-ដំណាក់កាលទី២ បង្កើតទំនុកចិត្ត និងមានទំនាក់ទំនងល្អ៖ ក្រុមឧក្រិដ្ឋជនចាប់ផ្តើមកសាងទំនាក់ទំនងជាមួយជនរងគ្រោះ រយៈពេលយូរអង្វែង (១សប្តាហ៍ឡើងទៅ) ដើម្បីបង្កើតទំនុកចិត្ត និងភាពស្និទ្ធិស្នាលជាមួយគ្នា ដោយពួកគេចែករំលែករឿងផ្ទាល់ខ្លួន និងសកម្មភាពប្រចាំថ្ងៃជាដើម។
– ដំណាក់កាលទី៣ ណែនាំអំពីការវិនិយោគ៖ នៅពេលដែលឧក្រិដ្ឋជនទទួលបានការទុកចិត្តពីជនរងគ្រោះហើយ ពួកគេចាប់ផ្តើមណែនាំអំពីគម្រោងវិនិយោគទៅលើ អចលទ្រព្យ, រូបិយប័ណ្ណឌីជីថល (Crypto Currency), រូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគផ្សេងៗទៀតដែលមានឱកាសចំណេញប្រាក់យ៉ាងច្រើន។
-ដំណាក់កាលទី៤ ជម្រុញលើការវិនិយោគ៖ ឧក្រិដ្ឋជនបានជម្រុញឲ្យជនរងគ្រោះដាក់ប្រាក់បន្តិចបន្តួចដើម្បីសាកល្បងវិនិយោគលើគេហទំព័រក្លែងក្លាយដែលក្រុមឧក្រិដ្ឋជនបានរៀបចំទុក បន្ទាប់មកពួកគេបានផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ដើម្បីបង្កើតការទុកចិត្តពីជនរងគ្រោះ។
-ដំណាក់កាលទី៥ ជម្រុញបោះទុនវិនិយោគទំហំធំ៖ ឧក្រិដ្ឋជនជម្រុញឲ្យជនរងគ្រោះដាក់លុយច្រើនក្នុងការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញវិញកាន់តែច្រើន។ នៅពេលដែលជនរងគ្រោះដាក់លុយវិនិយោគច្រើននោះ ពួកគេនឹងបង្វិលប្រាក់ទាំងនោះទៅគណនីផ្សេងមួយទៀត ដោយជនរងគ្រោះពុំអាចយកប្រាក់ត្រឡប់មកវិញបានឡើយ។
ជាមួយគ្នានេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកចំពោះប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការវិនិយោគក្លែងក្លាយដូចខាងក្រោម៖
១.សូមកុំមានទំនាក់ទំនងជាមួយបុគ្គលលើបណ្តាញសង្គមដែលមិនស្គាល់ច្បាស់លាស់
២.សូមធ្វើការសិក្សា ស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយ
៣.សូមកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញសង្គម ឬជាមួយមនុស្សពុំធ្លាប់ស្គាល់គ្នា
៤.ប្រសិនបើលោកអ្នកបានធ្លាក់ចូល Pig Butchering Scam ឬជួបប្រទះករណីសង្ស័យខាងលើសូមរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែងរកដំណោះស្រាយ៕ដោយ៖តារា