កូនត្នោតជាង៥៥៥៥ដើម ត្រូវបានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧  ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានមានប្រសាន៍ថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំងស្រុកពញាក្រែកនៅពេលនេះ ក្នុងគោលបំណងចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា បណ្តុះចលនាស្រលាញ់ធនធានធម្មជាតិ លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ លោក បានបន្ថែមថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចម្បងចំនួនបី គឺ “ភាពស្អាត ភាពបៃតង និងចីរភាព»។ លោក ជួប ប៉ារីស បានគូសបញ្ជាក់បន្ថែមថា ភាពស្អាត បង្ហាញពីស្អាតក្នុងភូមិ ក្នុងផ្ទះ និងនៅក្នុងចិត្ត ដោយមានមានសំរាមនៅលើដី ខ្យល់ស្អាតបរិសុទ្ធ ហើយការដាំកូនត្នោតនាពេលនេះ ជាការបង្កើននូវភាពបៃតងស្រស់ ពោលគឺនៅពេលដែលត្នោតធំ និងបានជាម្លប់ត្រជាក់ ហើយក៏បានបង្ហាញសម្រស់ ស្រស់ស្អាត នៅអមសងខាងផ្លូវ នៃការធ្វើដំណើរ និងអាចបង្កើននូវចំណូលដល់ពលរដ្ឋនៅមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃុំ បានផ្តល់កូនត្នោតចំនួន ១០ ០០០ ដើម ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ និងបានអញ្ជើញដឹកនាំការដាំដើមត្នោត តាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម និងនៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបំផុសចលនា និងជំរុញគម្របបៃតងនៅកម្ពុជា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print