ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចត្រីចម្រុះល្អិតៗប្រមាណចំនួន១០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចសង្រ្គោះចេញពីឧបករណ៍ចាប់ត្រី របស់ក្រុមជនប្រព្រិត្តបើទោសជាមន្រ្តី ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សហការចុះធ្វើការផ្សព្វផ្សាយ នារដនារដូវបិទនេសាទ(ត្រីពងកូន)ក៍ដោយ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលក្រគរ និងរាំងទិល នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នេះ ។
ប្រភពព័ត៌មានពីមន្រ្តីជំនាញខាងលើឲ្យដឹងទៀតថា ករណីកម្លាំងសហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលខាងលើ ធ្វើឡើងនៅផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចជ្រោយស្ដី ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លទ្ធផល បំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង(របាំងស្បៃមុង)ចំនួន០៥ខ្សែ ស្មើនឹងប្រវែងប្រមាណ១០៩០ម៉ែត្រ ក្បាល(បរ)ចំនួន០៦គ្រឿង បង្គោលចំនួន៣៦០ដើម ចាក់លែងត្រីចំរុះល្អិតៗចូលបឹងធម្មជាតិ(ទន្លេសាប)វិញចំនួន៧០គីឡូក្រាមផងដែរ ខណៈស្ថានភាពកម្ពស់ទឹកទន្លេ នៅស្ថានីយ៍ជលសាស្រ្ដបឹងទន្លេសាប(កំពង់លួង)មាន៤.១១ម៉ែត្រ ។
ប្រភពបានបញ្ជាក់ទៀតថា ក្នុងនោះកម្លាំងបន្តសហការចុះអនុវត្តនៅក្នុងឃុំក្បាលត្រាចដដែល និងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថែមទៀត ។ លទ្ធផល បំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង(របាំងស្បែមុង)ចំនួន១៣ខ្សែ ស្មើនឹងប្រវែងប្រមាណ១០៤០ម៉ែត្រ ក្បាល(បរ)ចំនួន២៤មាត់ បង្គោលចំនួន២៣០ដើម និងចាក់លែងត្រីចំរុះល្អិតៗចំនួន៣០គីឡូក្រាមថែមទៀតផងដែរ ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា កិច្ចការកម្លាំងសហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាប បទល្មើសស្ដីពីជលផលខាងលើ បន្តធ្វើមិនដកដៃទេ ព្រោះនេះជារដូវបិទនេសាទ បើទោះបីជាក្រុមជនប្រព្រិត្តលួចល័កធ្វើនេសាទ នៅតំបន់ព្រៃក្រាស់ ឬស្មៅច្រើន មានផលលំបាកក្ដីក៏ដោយ ៕
ដោយ៖ ប៉ឹម ពិន