ក្រសួងអប់រំ យុវជន និងកីឡាបើកវេទិកាយុវជន-បញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើក “វេទិកាយុវជន-បញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤” និងមានការចូលរួមពី បណ្ឌិត ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) អ្នកឧកញ៉ានៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត សាស្ត្រាចារ្យ បញ្ញវន្ត និងនិស្សិតទាំងអស់សរុបប្រមាណ ១៦០០នាក់។

វេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន-បញ្ញវន្ត ជាពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជា ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់នូវជំនាញ និងបទពិសោធល្អៗពីវាគ្មិនកិត្តិយស និងជាឱកាសជួបជុំរឹតចំណងសាមគ្គីភាពរវាងយុវជន-បញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ថ្នាក់ដឹកនាំឥស្លាមនានា និងអាចតម្រង់ទិស នៃការ សិក្សារបស់ខ្លួនឱ្យចំទិសដៅ ស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ ព័ន្ធដែលបានផ្តួចផ្តើមគំនិតរៀបចំវេទិកា«យុវជនបញ្ញវន្ត មុស្លឹម២១ ឆ្នាំ២០២៤» នេះឡើង ដោយជឿជាក់ថា វេទិកានេះនឹងជួយជំរុញលើកទឹកចិត្តយុវជនឱ្យមាន គំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មីសហគ្រិន ភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកចំណេះដឹងដោយយកចំណុចសំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងជាមួយប្រធានបទ “បំណិនសតវត្សទី២១ សម្រាប់យុវជន” ដូចតទៅ៖

បំណិនសតវត្សរ៍ទី២១ គឺសំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស និងយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចកវិទ្យាទំនើបនេះ។ ជាក់ស្តែង បំណិនសតវត្សទី២១ ត្រូវបានបែកជាសមាសភាគ ០៣ រួមមាន៖
-ទី១. បំណិនសិក្សារៀនសូត្រ៖ ផ្តោតលើ (១) ការត្រិះរិះពិចារណា (២) ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ (៣) ការសហការ និង (៤) ការប្រាស្រ័យទាក់ទង។
-ទី២. បំណិនអក្ខរកម្ម៖ សិស្សនិងយុវជនត្រូវមាន៖ (១) អក្ខរកម្មព័ត៌មានវិទ្យា (២) អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង (៣) អក្ខរកម្មផ្នែកបច្ចេកវិទ្យា។ និង
-ទី៣. បំណិនជីវិត៖ ផ្តោតលើ (១) ភាពទន់ភ្លន់ និងសម្របសម្រួល (២) ការចេះផ្តួចផ្តើមគំនិត (៣) ភាពជាអ្នកដឹកនាំ (៤) ផលិតភាពការងារ និង (៥) បំណិនសង្គម។

ក្នុងន័យនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំឥស្លាមទាំង អស់ បន្តធ្វើកំណែទម្រង់វិស័យអប់រំបន្តទៀត ពិនិត្យឡើងវិញនូវកម្មវិធីសិក្សា សៀវភៅសិក្សា ដោយបញ្ចូលនូវមុខវិជ្ជាសំខាន់ៗ រួមទាំងភាសាបរទេស បច្ចេកវិទ្យា ក៏ដូចជាវិធីសាស្ត្របង្រៀនថ្មីៗ ធ្វើទំនើបកម្មគ្រឹះស្ថាន សិក្សា និងចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតនូវសាលារៀនឥស្លាមគំរូនៅក្នុងប្រទេសកម្ពុជា។

...

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងថ្នាក់ដឹកនាំឥស្លាមពាក់ព័ន្ធ ដែលបានលះបង់កម្លាំង កាយចិត្ត និងធនធាន សម្រាប់គាំទ្រដំណើរការវិស័យអប់រំឥស្លាមនៅកម្ពុជាប្រកបដោយភាពរីកចម្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកគុណភាពអប់រំទាំងបរិមាណ និងគុណភាពនៅក្នុងសហគមន៍ឥស្លាមកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print