រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តសួរសុខទុក្ខនិងហូបបាយជាមួយកម្មកររោងចក្រជាង២០០០នាក់ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃអគណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មកររោងចក្រប្រមាណជាង ២៤០០ នាក់ នៅរោងចក្រអ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន EALYTEX (CAMBODIA) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមក ដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។

ក្នុងពេលចុះពិនិត្យនេះដែរលោករដ្ឋមន្ត្រី បានសាកសួរផ្ទាល់អំពីអត្ថប្រយោជន៍ផ្សេងៗដែលរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនកម្មករនិយោជិតដូចជាបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងអត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនទៀតផងដែរ។ 

ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១ នោះទេដែលលោក ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសលើអនុសាសន៍ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានដាក់ចេញ។

ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅដែលបានដាក់ចេញដូចជាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិកប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗជាដើម ដែលសុទ្ធសឹងតែជា គោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត។

គួរបញ្ជាក់ថា ក្រៅពីទទួលបានប្រាក់ឈ្នួលអប្បបរមា កម្មករនៅកម្ពុជានៅទទួលបាន ប្រាក់រង្វាន់ធ្វើការទៀង ទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់រង្វាន់អតីតភាពការងារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print