រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទស្សនកិច្ចវិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅ វិទ្យាល័យ ហ៊ុនសែន កែវសីមា ដោយមានការចូលរួមពីសំណាក់ លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្ស។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកនាយក ឯកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង នាយក នាយិកា លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ទាំងមូល ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសាលារៀនឱ្យមានសោភ័ណភាពស្រស់បំព្រង មានការរៀបចំកម្មវិធីបង្រៀនសិស្សខ្សោយ និងលទ្ធភាពសិក្សារបស់សិស្សល្អប្រសើរ ជាពិសេសប្រែក្លាយសាលាឱ្យទៅជាសាលារៀនគំរូ ដោយអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យហ៊ុន សែនកែវសីមា សម្រេចបានរហូតដល់ ៩៥% ដែលខ្ពស់ជាងអត្រាថ្នាក់ជាតិដែលមានចំនួនត្រឹម ៧៥% ប៉ុណ្ណោះ។ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសម្រេចបាននូវស្តង់ដាសាលា រៀនគំរូ ត្រូវមានការចូលរួមពីកត្តា៤ ដែលក្នុងនោះរួមនមាន៖ ១).កត្តាសាលារៀន ២).កត្តាគ្រូបង្រៀន ៣).កត្តាសិស្ស និង៤).កត្តាមាតាបិតា អ្នកអាណាព្យាបាល។

ជាការឆ្លើយតបទៅនឹងសំណើរបស់សាលា ដូចជាបញ្ហាខ្វះគ្រូ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចាត់ឱ្យក្រុមការងាររៀបចំ ដើម្បីសម្រេច និងដោះស្រាយបញ្ហានេះ និងបានលើកឡើងពីគោលនយោបាយគ្រូបង្រៀន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងអប់រំ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ ចំនួន ៥ ៖ ១) ត្រូវមានចំណេះដឹងវិជ្ជាជីវៈ ២) ត្រូវយល់ដឹងពីការវិវឌ្ឍរបស់កុមារ យល់ដឹងពីចិត្តគរុកោសល្យ ៣) ការប្រតិបត្តិវិជ្ជាជីវៈ ៤) ការសិក្សាវិជ្ជាជីវៈ ៥) សីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនេះ ក្រសួងនឹងបន្តដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ការគាំទ្រ និងទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន ក៏ដូចជាពង្រឹងគុណវុឌ្ឍិគ្រូ ដោយបន្តពង្រឹងការប្រឡងចូលគ្រូ ការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ដែលជាផ្នែកមួយនៃកំណែទម្រង់សាលាគរុកោសល្យ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូ បង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។

...

ក្នុងឱកាសនេះដែរបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីចំណុចគន្លឹះចំនួន ៤ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញដើម្បីពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ ដែលក្នុងនោះរួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្រប តាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print