ភ្នំពេញ ៖ បញ្ជាការដ្ឋានកងកាំភ្លើងធំ នៃអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
បញ្ជាការដ្ឋានកងកាំភ្លើងធំ សូមប្រកាសជាឱឡារិកនូវជំហរដាច់ខាតដូចខាងក្រោម៖
១- ប្តេជ្ញាស្មោះត្រង់ដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
២- ប្ដេជ្ញាការពារឱ្យខាងតែបាននូវសាមគ្គីឯកភាពផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
៣- ប្តេជ្ញាបង្រ្កាបនិងកម្ទេចចោលរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្តី។
៤- ប្តេជ្ញាអនុវត្តនូវរាល់បទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕