ខេត្តកំពង់ធំ៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើង និងខាងត្បូង ខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងសហការី បានសហការជាមួយកម្លាំងចម្រុះថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ បានបន្តចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅក្នុងខេត្តចំនួន៣ ដោយរឹបអូសបានវត្ថុតាងមួយចំនួនបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ។
ក្នុងប្រតិបត្តិការនោះ លោក ប៉ែន ផល្លីកា បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ ក្រុមការងារបានចុះល្បាតចាប់ពីចំណុចព្រែកទាល់ ដល់ចំណុចផ្សោត និងពីចំណុចតាំវី ដល់សសរខ្ទម (អតីតឡូត៍លេខពីរស្ទួន) ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ពីចំណុចពាមក្រែក ក្នុងភូមិសាស្រ្តឃុំក្តីដូង ស្រុកកំពង់ស្វាយ និងពីចំណុចបឹងក្រសា អន្លង់ស្តង់ ទួលវិហារ ចង្អើលាវ និងចំណុចបឹងកក់ ក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំងគោក។
ចំណែក នៅខេត្តកំពង់ឆ្នាំ ចុះល្បាតចាប់ពីចុងប្រឡាយ ភូមិឆ្នុកទ្រូ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ចំណុចក្រោយភូមិកោះក្អែក ក្នុងភូមិសាស្រ្តឃុំកំពង់ហាវ ស្រុកំពង់លែង និងចំណុចបឹងក្រោយ ភូមិព្រៃគ្រីជើង ក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគិរី។ រីឯខេត្តពោធិ៍សាត់ ចុះល្បាតចាប់ពីចំណុចតាពេជ្រ ហូតដល់ចំណុចកំពង់ស្ទឹង ភូមិកំពង់ថ្គោល ក្នុងភូមិសាស្រ្តឃុំអន្សាចំបក់ ស្រុកក្រគរ។
នៅក្នុងប្រតិបត្តិការទាំង៣ខេត្តនោះ ក្រុមការងារជំនាញបានបង្ក្រាបបទល្មើសបានចំនួន ៧ករណី ដោយប្រើប្រាស់កម្លាំងសរុប ១១៣នាក់ និងប្រើមធ្យោបាយកូណូតស្មាត់ចំនួន ២២គ្រឿង ព្រមទាំងបានរុះរើរបាំងសាច់អួនក្រឡាញឹក ១៣របាំង ប្រវែង ១ ៦៥០ម៉ែត្រ របាំងស្បៃមុង ២៤របាំង ប្រវែង ២ ៣៥០ម៉ែត្រ របាំងស្បៃមុងក្រឡាញឹក ៩របាំង ប្រវែង ៤៥០ម របាំងអួនលើសប្រវែងចំនួន ៣របាំង ប្រវែង ៩០០ម លូសាច់អួនក្រឡាញឹក ៤២មាត់ លូកងស្បៃមុង ៤៣មាត់ ឡុកចំនួន ៣៣គ្រឿង និងបង្គោលចម្រឹងចំនួន ៣ ៨០៥ដើម។
ដោយឡែកវត្ថុតាងដែលរឹបអូសបាន ត្រូវក្រុមការងារជំនាញរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងចាក់លែងកូនត្រីចម្រុះចំនួន ៤១៤គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ៕ដោយ៖តារា