ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលសូមធានាជូននូវអ្វីដែលប្រជាពលរដ្ឋចង់បានទាំង ៤ចំណុច៖
ទី១-អធិបតេយ្យភាព
ទី២-ការពារទឹកដី
ទី៣-ការអភវិឌ្ឍនៅតំបន់ឦសាន និងទូទាំងប្រទេស
ទី៤-ការថែរក្សាស្ថិរភាព សន្តិភាព និងជំរុញសេដ្ឋកិច្ចរបស់យើង
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលខំប្រឹងធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់មានចីរភាពនៃស្ថិរភាពសង្គម ដើម្បីរស់នៅបានសេចក្តីសុខកុំឱ្យបែកបាក់គ្នា កុំឱ្យឈ្លោះគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន១០០០ នាក់» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅដល់ការរួបរួមឯកភាពជាតិដើម្បីថែរក្សាទឹកដីឲ្យគង់វង្ស។ សម្ដេចធិបតី បន្តថា ៖ ការបាត់បង់ឯកភាពជាតិធ្វើឲ្យខ្មែរខ្សោយនឹងងាយណាស់ក្នុងការបាត់បង់ទឹកដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីប្រវត្តិនៃការបែកបាក់ជាតិអស់៥០០ឆ្នាំដែលកើតឡើងដោយសារការបែកបាក់ផ្ទៃក្នុង។ សម្ដេចថាបញ្ហា CLV បើសិនជាគ្មានការយល់គ្នា ឯកភាពជាតិរវាងខ្មែរនិងខ្មែរទេ កង់ប្រវត្តិសាស្ត្រនឹងវិលជាន់ដានចាស់ឡើងវិញ។
សម្ដេចធិបតីបន្តថា៖ «មូលហេតុនៃការបាត់បង់ទឹកដីដោយសារតែយើងចេះតែឈ្លោះគ្នា។ បើយើងនៅរួមគ្នាឯកភាពជាមានរឿងអីនិយាយគ្នា មិនមានអំពើហិង្សា ប្រឈមដាក់គ្នា យើងនឹងខ្លាំង»។
ជាមួយគ្នានេះសម្ដេចថាការកង្វល់ពីទឹកដីជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ហើយសម្ដេចក៏ទទួលស្គាល់នូវសិទ្ធិបញ្ចេញមតិ និងការបារម្ភរបស់ពលរដ្ឋផងដែរ៕