ក្រោយត្រូវជាប់ពន្ធនាគារទាំងគ្មានកំហុសជិត៥០ឆ្នាំ បុរសវ័យ៧១ឆ្នាំម្នាក់ ទទួលបានសំណង៧លានដុល្លារ

ចែករំលែក៖

ជាប់គុកដោយគ្មានកំហុសតាំងពីវ័យក្មេងរហូតដល់អាយុ ៧១ឆ្នាំ ទើបទទួលបានយុត្តិធម៌និងសេរីភាព ក៏ដូចជាទឹកប្រាក់សងជម្ងឺចិត្តរហូតដល់៧ លានដុល្លារ គ្រប់គ្រាន់សម្រាប់លោកតាដើរលេងជុំវិញពិភពលោក នៅវ័យចាស់ជរា។

សារព័ត៌មាន AFP នាថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៤បានផ្សាយថា បុរសម្នាក់នៅសហរដ្ឋអាមេរិកដែលបានចំណាយពេលជិត៥ទសវត្សរ៍ ក្នុងពន្ធនាគារសម្រាប់អំពើឃាតកម្មដែលខ្លួនមិនបានប្រព្រឹត្ត នឹងត្រូវទទួលបានប្រាក់សំណងចំនួន៧.១៥លានដុល្លារ ពីទីក្រុងដែលបានផ្តន្ទាទោសខុសលើរូបលោក។
បុរសខាងលើមានឈ្មោះថា Glynn Simmons គឺជាជនជាតិអាមេរិកស្បែកខ្មៅ ដែលសព្វថ្ងៃមានអាយុ៧១ឆ្នាំ។ លោកត្រូវបានដោះលែងចេញពីពន្ធនាគារវិញកាលពីឆ្នាំ២០២៣ ក្រោយជាប់អស់រយៈពេលសរុប៤៨ឆ្នាំ ១ខែ និង១៨ថ្ងៃ។ លោក Simmons និងបុរសម្នាក់ទៀតឈ្មោះ Don Roberts ត្រូវបានផ្តន្ទាទោសប្រហារជីវិត ក្នុងទីក្រុង Oklahoma នៅឆ្នាំ១៩៧៥ សម្រាប់ករណីឃាតកម្មកាលពី១ឆ្នាំមុននោះ លើបុគ្គលិកហាងលក់គ្រឿងស្រវឹងម្នាក់ អំឡុងករណីចោរកម្មមួយនៅក្រុង Edmond នៃរដ្ឋ Oklahoma។
ទោសប្រហារជីវិតរបស់អ្នកទាំងពីរ ក្រោយមកត្រូវបានបន្ធូរបន្ថយមកត្រឹម ទោសជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្តន្ទាទោស លោក Simmons និង Roberts គឺផ្អែកលើមូលដ្ឋាននៃការផ្តល់សក្ខីកម្មតែមួយគត់ពីសំណាក់អតិថិជនជាក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានបាញ់ចំក្បាល អំឡុងករណីចារកម្មពេលនោះ ប៉ុន្តែបានរួចរស់ជីវិត។ យ៉ាងណាមិញ ការស៉ើបអង្កេតក្រោយមកទៀតបានជះមន្ទិលសង្ស័យខ្លាំង ទៅលើភាពគួរឱ្យជឿទុកចិត្ត នៃការកំណត់អត្តសញ្ញាណរបស់សាក្សីម្នាក់នោះ។
អំឡុងសវនាការជំនុំជម្រះ លោក Simmons និង លោក Roberts ធ្លាប់បានអះអាងថា ពួកគេមិនទាំងបានស្ថិតនៅក្នុងរដ្ឋ Oklahoma នោះឡើយ អំឡុងពេលករណីឃាតកម្មកើតឡើង។ លោក Roberts ត្រូវបានដោះលែងពីពន្ធនាគារ មុនលោក Simmons គឺកាលពីឆ្នាំ២០០៨។ ការទទួលបានសំណងខាងលើកើតមានឡើង បន្ទាប់ពី លោក Simmons បានដាក់ពាក្យបណ្តឹងប្រឆាំងទីក្រុង Oklahoma និងប៉ូលិសស៉ើបអង្កេតម្នាក់៕ ដោយធីរីណា

...

រូបថត​: independent

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print