ខេត្តសៀមរាប ៖ បុរស២នាក់ នាំគ្នាជិះទូកទៅស្ទូចត្រី ចំមុខទឹកហូរ បណ្តាលឱ្យក្រឡាប់ទូក ហែលរួចម្នាក់ និងម្នាក់ទៀតលង់លិចបាត់ខ្លួន បង្កឲ្យមានភ្ញាក់ ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋ ស្វែងរកតែមិនឃើញកាលពីម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅអាងស្ទាក់ទឹក ស្ពានស្រែង ក្នុងភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប រហូតដល់ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ទើបសពផុសអណ្តែតទឹកឡើង បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ សមត្ថកិច្ចស្រង់ឡើងគោក ។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះ ម្នាក់ដែលស្លាប់ អាយុ១៨ឆ្នាំ ចំណែកម្នាក់ទៀតហែលរួច អាយុ៤៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ក្នុងឃុំ ស្រុកកើតហេតុ ។
ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទាំង២នាក់ ជិះទូកទៅស្ទូចត្រី ត្រង់ចំណុចទ្វារទឹក ស្ពានស្រែង ខណៈដែលទឹកកំពុងជន់ទឹកហូរខ្លាំង ជម្រៅដល់ទៅ៧ម៉ែត្រ ស្រាប់តែលិចទូក ជនរងគ្រោះម្នាក់អាយុ៤៣ឆ្នាំបានហែលរួច ចំណែកជនរងគ្រោះម្នាក់ទៀតលង់លិចបាត់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ស្វែងរក រហូតដល់បិទទ្វារទឹកជាបណ្តោះអាសន្នដើម្បីឱ្យទឹកស្រក នៅតែរកមិនឃើញ រហូតមកដល់ម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ទើបសាកសពផុសឡើង ។
បន្ទាប់ពីស្វែងរកឃើញសពហើយសមត្ថកិច្ចបានស្រង់សពជនរងគ្រោះឡើងគោកពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ