សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ព្យុះទីហ្វុង Ampil បាននិងកំពុងរំកិលឆ្ពោះទៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន នាំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវលុបចោលជើងហោះហើរ និងការផ្អាកសេវាកម្មផ្លូវរថភ្លើង ដើម្បីកាត់បន្ថយការធ្វើដំណើរ នៅក្នុងរដូវកាលឈប់សម្រាក នារដូវក្តៅ។
Ampil ដែលត្រូវបានចាត់ថ្នាក់ជាព្យុះមានឥទ្ធិពលខ្លាំង ដោយទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ស្ថិតនៅចម្ងាយប្រហែល ៦៩០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុន កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) កំពុងឆ្ពោះមក ទីក្រុងតូក្យូ និងតំបន់ជុំវិញ។ មន្រ្តី JMA បានប្រាប់សន្និសីទសារព័ត៌មានថា «ខណៈព្យុះនេះកាន់តែខិតជិតមកដល់ យើងសូមអំពាវនាវដល់សាធារណៈជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ពីរលកសមុទ្រខ្ពស់ៗ និងភ្លៀងធ្លាក់ខ្លាំង»។
ក្រុមហ៊ុនអាកាសចរណ៍នានាដូចជា Japan Airlines គ្រោងលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១៩១ និងអន្តរជាតិចំនួន ២៦ ដែលភាគច្រើនចាកចេញ និងមកដល់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ។ ANA ឯណោះវិញប្រកាសថា នឹងលុបចោលជើងហោះហើរក្នុងស្រុក ចំនួន ២៨០ ដែលគ្រោងទុកសម្រាប់ថ្ងៃសុក្រ ប៉ះពាល់ដល់ អ្នកដំណើរជាង ៦០,០០០នាក់។ ក្រុមហ៊ុនផ្លូវដែក Central Japan Railway ក៏នឹងលុបចោលសេវាកម្មរថភ្លើង Shinkansen រវាងទីក្រុងតូក្យូ ទៅកាន់តំបន់បេះដូងឧស្សាហកម្មជប៉ុន គឺទីក្រុង Nagoya ផងដែរ សម្រាប់ថ្ងៃសុក្រនេះ៕
រូបថត:qdnd