ភ្នំពេញ ៖ ញត្តិគាំទ្រ
យើងខ្ញុំទាំងអស់គ្នាជាសមាជិក គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃ ព្រឹទ្ធសភា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឆ្លុះបញ្ចាំងនូវឧត្តមគតិស្នេហាជាតិពិតប្រាកដ សំដៅការពារសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប។
សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅ ប្រទេសដែលបានបំផុសញុះញង់ប្រជាពលរដ្ឋឱ្យបង្កចលាចលធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា ក្នុងចេតនាទុច្ចរិតបង្កអសន្តិសុខ អស្ថិរភាព បំបែកបំបាក់សាមគ្គីប្រជាជាតិខ្មែរ និងបំផ្លាញនូវផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
សូមប្រកាសជាឱឡារិក គាំទ្រចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារ និង ថែរក្សានូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យស្ថិតស្ថេរគង់វង់។ សូមអំពាវនាវស្ថាប័នមានសមត្ថកិច្ចគ្រប់ប្រភេទ ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះជនណាញុះញង់បំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ ដើម្បីបន្តរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលប្រទេសយើងបាន ដណ្ដើមមកដោយលំបាកបំផុត ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯកសន្តិភាព ៕