ខេត្តសៀមរាប ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីផងដែរ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានប្រកាសចូលកាន់តំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ហើយ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ត្រូវបានផ្ទេរមកជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជន យុវនារីប្រុងប្រយ័ត្នខ្ពស់ចំពោះការញុះញង់ប្រឆាំងនឹងរាជរដ្ឋាភិបាលពីក្រុមជ្រុលនិយមក្នុង និងក្រៅប្រទេស។
នាយឧត្តមសេនីយ៍ សៅ សុខា លើកដៃសុំមេត្តាឲ្យបងប្អូនជនរួមជាតិខ្មែរទាំងអស់ រួមគ្នាការពារសុខសន្តិភាព សម្រាប់កូនចៅរបស់យើង។
ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបនាព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២៤ ៕