ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកយុទ្ធនាការដាំកូនឈើរួមគ្នាក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះផ្នត់គំនិត ពន្លកបៃតង»។ ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងប្រាំពីរស្រុក-ក្រុង នៅខេត្តត្បូងឃ្មុំ។ លោកបណ្ឌិត អ៊ាង សុផល្លែត ថ្លែងបញ្ជាក់ថារួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លកបៃតង រ បស់រារដ្ឋាភិបាលកម្ពុជា ក៏ដូចជាគាំទ្រការអភិវឌ្ឍរបស់ប្រទេសផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាយើងកំពុងរួមគ្នា សាមគ្គីគ្នាដាំដើមឈើ ធ្វើយ៉ាងណាឲ្យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងធ្វើឲ្យគម្របព្រៃឈើកើនឡើងដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា គឺជាសួតសម្រាប់ដកដង្ហើមនៅអាស៊ីអាគ្នេយ៍ ដូច្នេះមានតែការដាំ និងពង្រីកការដាំដុះព្រៃឈើមានសារៈសំខាន់ ក្នុងការលក់ឥណទានកាបូន ហើយការដាំកូនឈើ គឺស្របនឹងយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានក្នុងរយៈពេល ១ឆ្នាំ របស់អាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង គិតគូរដល់ប្រយោជន៍របស់សហគមន៍។
គួរជម្រាបថា ក្រសួងបរិស្ថានបានផ្តល់កូនឈើចំនួន ១៧៤០០ ដើម ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ បន្ថែមពីការផ្តល់ជូនក្នុងយុទ្ធនាការការ«ពន្លកបៃតង» ដែលបានអនុវត្តកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្តនានា ដែលទទួលបានសាទរ និងកោតសរសើរពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពល រដ្ឋ ដែលបានបណ្តុះគំនិតពន្លកបៃតងនៅកម្ពុជា។
លោក ប៉ែន កុសល្យ អភិបាលខេត្ដត្បូងឃ្មុំ បានថ្លែងថា ក្រសួងបរិស្ថានបានដើរតួយ៉ាងសំខាន់ ក្នុងការបណ្តុះគំនិតបញ្ជ្រាបឥរិយាបថស្រលាញ់បរិស្ថានស្អាត ស្រលាញ់ដើមឈើបៃតង គាំទ្រដល់សកម្មភាពអនុវត្ត លើកស្ទួយការស្រលាញ់ថែរក្សាធនធាន នៅកម្ពុជា។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី២ “ភាពបៃតង” ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ “ពន្លកបៃតង” ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះ ការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ។
គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន កាលពីខែតុលា ២០២៣កន្លងទៅ បានដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិចឲ្យបាន១លានដើម ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយ។ គិតត្រឹមខែសីហានេះ ក្រសួង បរិស្ថាន បានផ្តល់កូនឈើ បានលើស១,៣ លានដើម ដល់ អាជ្ញាធររាជធានី-ខេត្ត និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំដុះ៕