លោកបណ្ឌិត គិន ភា ៖ កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ឬល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យនិងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល, ខ្វាយខ្វល់មិនយល់ការ, តវ៉ាមិនយល់សាច់រឿង, សឿងបឿងទាំងងងឹតងងល់, វិលវល់តាមឧបាយគេបំពុលយើង, ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។ នេះជាការលើកឡើងពី អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបន្តថា ៖ អ្វីដែលខ្ញុំខំប្រឹងនិយាយនិងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាពនិងនិរន្តរភាពជាតិ, ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹងនិងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។ 

មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយនិងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរសនិងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង លក់ក្បាល លក់ឧត្តមគតិ ដើម្បីលុយកាក់ បុណ្យសក្ដិ និងមុខតំណែងជាដើម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានលក់អ្វីឱ្យនរណា ហើយក៏មិនបានលុយកាក់ បុណ្យ ឬមុខតំណែងអ្វីពីការនិយាយឬការសរសេររបស់ខ្ញុំមួយកាក់មួយសេនណានោះទេ។ អ្វីដែលខ្ញុំបាននិងកំពុងធ្វើ គឺខ្ញុំត្រូវគប្បីចំពោះខ្លួនឯង ប្រជាជន និងប្រទេសជាតិ។ ខ្ញុំជាមន្ត្រីរាជការសាធារណៈ ខ្ញុំមានកាតព្វកិច្ចបម្រើប្រយោជន៍សាធារណៈតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន, ខ្ញុំមានកាតព្វកិច្ចគោរពឋានានុក្រមរដ្ឋបាល គោរពថ្នាក់ដឹកនាំ និងមានប្រជាជនជាម្ចាស់។

អ្វីដែលដែលយើងទាំងអស់គ្នាប្រាថ្នាចង់ឃើញ គឺសង្គមយើងដែលមានប្រជាជនខ្លាំងទាំងអស់គ្នា គឺខ្លាំងដោយសមត្ថភាព បញ្ញា ស្មារតី មនសិការនិងឧត្តមគតិជាតិ សុខភាពល្អ និងមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិ។ ប្រជាជនជាកោសិកានៃសង្គម, ប្រជាជនខ្លាំង សង្គមខ្លាំង, ប្រជាជនខ្សោយ សង្គមក៏ខ្សោយដែរ។

យើងប្រាថ្នាចង់ឃើញប្រជាជនយើងមានជំនឿដោយផ្អែកលើវិទ្យាសាស្ត្រ ជាងជាងមន្តអាគម, ជឿលើសមត្ថភាព ជាជាងការបន់ស្រន់, ជឿលើហេតុផល ជាជាងប្រជាភិថុតិ, ជឿលើការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់ ជាជាងពាក្យចចាមអារ៉ាម, ជឿលើសកម្មភាពនិងសមិទ្ធផលជាក់ស្តែង ជាជាងវោហាសាសព្ទនយោបាយ, ជឿលើជាតិខ្លួនឯង ជាជាងការញុះញង់របស់រទេស, ជឿលើសច្ចធម៌ ជាជាងសីលធម៌ក្លែងក្លាយ, ជឿលើសន្តិភាពជាក់ស្តែង ជាជាងសង្គ្រាមស្រមោល, ជឿលើអ្នកនៅជាមួយយើង ជាជាងអ្នករត់ចោលស្រុក, ជឿលើភ្នែកខ្លួនយើង ជាជាងមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍, ចុងក្រោយ សុំជឿលើខ្មែរ ជាជាងជាតិសាសន៍ដទៃ។

សម្រាប់ករណីរឿងតំបន់ត្រីកោណអភិកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នេះ ខ្ញុំសូមបងប្អូនកុំច្រួលច្របល់ វាជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្វ នយោបាយ សង្គម វប្បធម៌ អប់រំ និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក, ជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, មិនមែនជាការកាត់ទឹកកាត់ដីឬការដាក់ខេត្តខ្មែរទាំងបួនទៅអភិវឌ្ឍរួមគ្នាដូចការលើកឡើងរបស់អ្នកនយោបាយនិងអ្នកវិភាគមួយចំនួននោះទេ។ អ្នកនយោបាយនិងអ្នកវិភាគមួយទាំងនោះ អ្នកខ្លះមិនដែលស្គាល់តំបន់ CLV-DTA ហ្នឹងបែរមុខទៅណាផង, ដីមួយដុំត្រុំមួយដើម ក៏មិនស្គាល់ផង, តែនិយាយធ្វើដូចជាច្បាស់ណាស់អីចឹង។

សម្រាប់ខ្ញុំ, ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការពន្យល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាលនិងគាំទ្រក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិយើងដំណាលគ្នានឹងការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តអភិវឌ្ឍតំបន់ព្រំដែនតាមរយ:ការកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន សាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ ការវិនិយោគ និងបង្កលក្ខខណ្ឌអំណោយផលផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យប្រជាជនយើងទៅរស់នៅតំបន់ព្រំដែនឱ្យបានកាន់តែច្រើន។

ដូច្នេះ សូមបងប្អូន មេត្តាកុំជឿតាមការញុះញង់ឬល្បិចកលនយោបាយរបស់ជនជ្រុលនិងឱកាសនិយមទាំងខ្មែរនិងបរទេសមួយចំនួន ដែលចង់រុញឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនិងភាពវឹកវរនយោបាយឱ្យសោះ, យើងទាំងអស់គ្នាជាចំណែកមួយនៃភាពសុខសាន្តរបស់ជាតិយើង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print